{"asset":"news","key":"7716","locale":"km","id":"news:7716:km","entityId":"news:7716","canonicalUrl":"https://www.kps-tv.com/km/news/detail/7716","state":"ready","title":"ផ្លូវបេតុងថ្មី ៧៧៥ម៉ែត្រ នៅភូមិកោះខ្យង នឹងជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ","summary":"អភិបាលក្រុងកំពង់សោម នួន ប៊ុនថុល បានចុះពិនិត្យផ្លូវបេតុងប្រវែង៧៧៥ម៉ែត្រ នៅភូមិកោះខ្យង សង្កាត់អូរជ្រៅ។ ផ្លូវនេះត្រូវបានរំពឹងថាជួយដំណើរ និងដឹកជញ្ជូនកសិផលនិងផលនេសាទ។ លោកក៏បានជំរុញការថែរក្សាផ្លូវ អនាម័យ និងការកម្ចាត់ជម្រកមូស។","body":"ខេត្តព្រះសីហនុ៖ លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែង ៧៧៥ម៉ែត្រ ស្ថិតនៅភូមិកោះខ្យង សង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដើម្បីធានាថាការអនុវត្តគម្រោងប្រព្រឹត្តទៅតាមស្តង់ដារបច្ចេកទេស និងឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។\n\nផ្លូវបេតុងថ្មីនេះ ត្រូវបានរំពឹងថានឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់សហគមន៍ ដោយជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងផលនេសាទ កាត់បន្ថយពេលវេលាដឹកជញ្ជូន ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។\n\nក្នុងឱកាសនោះ លោកអភិបាលក្រុងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវដោយការទទួលខុសត្រូវ ដើម្បីធានាឱ្យហេដ្ឋារចនាសម្ព័ន្ធនេះអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ជាបន្តបន្ទាប់។\n\nជាមួយគ្នានេះ លោក នួន ប៊ុនថុល ក៏បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករនៅភូមិកោះខ្យង ដោយបានណែនាំឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងរដូវវស្សា ជាពិសេសការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម តាមរយៈការលុបបំបាត់ទីជម្រកមូសខ្លា។\n\nលោកក៏បានជំរុញឱ្យប្រជាពលរដ្ឋរួមគ្នារក្សាអនាម័យ បរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យភូមិឋានមានសោភ័ណភាព ស្អាត បៃតង និងបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ស្របតាមការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12938","languageVersionId":"5859","visibilityVersion":"2","versionToken":"a1.A3mTiE2lzBW32Jr7xLNHlDoXxq-sYWa8qNdqhCW_5t8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-09T09:20:39Z"}