{"asset":"news","key":"7722","locale":"km","id":"news:7722:km","entityId":"news:7722","canonicalUrl":"https://www.kps-tv.com/km/news/detail/7722","state":"ready","title":"ក្រសួងការងារជំរុញសហជីពពង្រឹងភាពជាដៃគូដើម្បីរក្សាបរិយាកាសការងារល្អ","summary":"ក្រសួងការងារបានអំពាវនាវឱ្យសហព័ន្ធសហជីពពង្រឹងភាពជាដៃគូជាមួយនិយោជក គោរពច្បាប់ និងការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ។ ក្នុងជំនួបថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីបានជំរុញកិច្ចសន្ទនា ការដោះស្រាយវិវាទទាន់ពេល និងការផ្សព្វផ្សាយកម្មវិធីបណ្ដុះបណ្ដាលជំនាញ។","body":"មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីព បន្តពង្រឹងភាពជាដៃគូជាមួយម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដោយប្រកាន់ខ្ជាប់ការគោរពច្បាប់ និងការទទួលខុសត្រូវរួម ដើម្បីលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត រក្សាបរិយាកាសការងារល្អ និងរួមចំណែកទាក់ទាញការវិនិយោគ។\nការអំពាវនាវនេះ ធ្វើឡើងដោយឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីជួបសំណេះសំណាលប្រចាំខែកក្កដា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ១៥០រូប នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។\nឯកឧត្តម ងុយ រិទ្ធ បានលើកឡើងថា កិច្ចសន្ទនាសង្គម គឺជាយន្តការសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និយោជក និងសហជីព ដោយបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាន ស្តាប់បញ្ហាប្រឈម និងរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយស្មារតីសហការ និងការយោគយល់គ្នាទៅវិញទៅមក។\nឯកឧត្តមបានបញ្ជាក់ថា ការជួបសំណេះសំណាលប្រចាំខែនេះ បានក្លាយជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងរវាងក្រសួង និងសហជីព ដើម្បីធានាការអនុវត្តច្បាប់ការងារ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ព្រមទាំងរក្សាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។\nឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់សាធារណជន យុវជន និងអ្នកមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ។ ក្នុងនោះ សហព័ន្ធសហជីពមានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញ ដើម្បីឱ្យប្រជាពលរដ្ឋមានជំនាញ និងអាចបង្កើនប្រាក់ចំណូល។\nជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យសហព័ន្ធសហជីព បន្តសហការជាមួយក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្ត ក្នុងការលើកកម្ពស់យន្តការដោះស្រាយវិវាទការងារ រាយការណ៍បញ្ហាប្រឈម និងភាពមិនប្រក្រតីនៅកន្លែងធ្វើការឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ មុនពេលវិវាទរីករាលដាលទៅជាបាតុកម្ម ឬកូដកម្ម ដែលអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងបរិយាកាសវិនិយោគ។\nជាការឆ្លើយតប ថ្នាក់ដឹកនាំសហព័ន្ធសហជីព បានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក ព្រមទាំងសម្តែងការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារ ទាក់ទាញការវិនិយោគ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12877","languageVersionId":"5778","visibilityVersion":"2","versionToken":"a1.nS-8WRdSYya6Cdr1N7Ye5wgOKen7OkWfp4KlOAMB-wI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-09T14:17:22Z"}