{"asset":"news","key":"7733","locale":"km","id":"news:7733:km","entityId":"news:7733","canonicalUrl":"https://www.kps-tv.com/km/news/detail/7733","state":"ready","title":"សិក្ខាសាលាផ្សព្វផ្សាយច្បាប់គ្រប់គ្រងទឹកស្អាត ពង្រឹងការអនុវត្ត និងលើកកម្ពស់គុណភាពសេវាទឹកនៅខេត្តព្រះសីហនុ","summary":"សិក្ខាសាលាច្បាប់គ្រប់គ្រងទឹកស្អាតនៅខេត្តព្រះសីហនុផ្ដោតលើការអនុវត្តច្បាប់ អាជ្ញាបណ្ណ និងគុណភាពសេវា។ មន្ត្រីខេត្តថា មានគ្រួសារប្រើទឹកស្អាតជិត៤២.០០០ ស្មើប្រមាណ៧១% ហើយនៅសល់២ឃុំមិនទាន់មានសេវា។ ក្រសួងគ្រោងពង្រីកបណ្ដាញ និងជំរុញការវិនិយោគឆ្ពោះទៅ SDG 6 ឆ្នាំ២០៣០។","body":"ខេត្តព្រះសីហនុ៖ លោក សួស សេរីសួស្តី អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត មានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹងដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត ដើម្បីអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងធានាឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតដែលមានគុណភាព និងសុវត្ថិភាព។\n\nលោកអភិបាលរងខេត្តបានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តព្រះសីហនុមានប្រភពទឹកសរុប ១៧ទីតាំង និងអណ្តូងទឹក ១៥ ដែលអាចស្តុកទឹកបានជាង ៩៥លានម៉ែត្រគូប។ ខេត្តមានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ១៤ក្រុមហ៊ុន ដែលសិតក្នុង៦ក្រុងស្រុក ក្នុងនោះ ១១ក្រុមហ៊ុន កំពុងដំណើរការ និងមានរោងចក្រផលិតទឹកស្អាត ១៨ ដែលមានសមត្ថភាពផលិតបាន ២៤១,១២០ម៉ែត្រគូបក្នុងមួយថ្ងៃ។\n\nលោកបានឱ្យដឹងបន្ថែមថា បច្ចុប្បន្នមានគ្រួសារប្រើប្រាស់សេវាទឹកស្អាតជិត ៤២,០០០គ្រួសារ ស្មើនឹងប្រមាណ ៧១% នៃគ្រួសារទូទាំងខេត្ត។ ទោះជាយ៉ាងណា នៅមាន ២ឃុំ ដែលមិនទាន់មានសេវាទឹកស្អាតប្រើប្រាស់ ខណៈកំពុងដំណើរការស្នើសុំអាជ្ញាប័ណ្ណផ្គត់ផ្គង់ទឹក។\nក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតនៅខេត្តព្រះសីហនុ គឺជាលើកទី ១៣ និងជាខេត្តគោលដៅទី ១៧ សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៦។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ ពន្យល់ពីអនុក្រឹត្យថ្មីលេខ ០៦៩ ស្តីពីការផ្តល់អាជ្ញាបណ្ណអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត និងប្រមូលមតិយោបល់ ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។\n\nឯកឧត្តមបានបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលចូលជាធរមាននៅឆ្នាំ២០២៣ គឺជាក្របខណ្ឌច្បាប់ដំបូងរបស់កម្ពុជា សម្រាប់ពង្រឹងអភិបាលកិច្ច ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងនិរន្តរភាព។\n\nត្រឹមដំណាច់ឆ្នាំ២០២៥ កម្ពុជាមានបណ្តាញទឹកស្អាតជាង ៤ម៉ឺនគីឡូម៉ែត្រ ការតភ្ជាប់ជាង ១,៥៧លានតំណរ គ្របដណ្តប់ប្រមាណ ៤៥% នៃគ្រួសារក្នុងតំបន់សេវា និងផលិតទឹកស្អាតសរុបប្រមាណ ៥៥៦លានម៉ែត្រគូប ដែលឆ្លុះបញ្ចាំងពីតួនាទីសំខាន់នៃភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន (PPP) ក្នុងការអភិវឌ្ឍវិស័យនេះ។\nដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែកើនឡើង ក្រសួងនឹងពន្លឿនការវិនិយោគពង្រីកបណ្តាញទឹកស្អាតនៅតំបន់ដែលមានតម្រូវការខ្ពស់ ពង្រឹងការចូលរួមរបស់វិស័យឯកជន បង្កើតមូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាត និងជំរុញការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG 6) នៅឆ្នាំ២០៣០។\n\nឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ការអភិវឌ្ឍវិស័យទឹកស្អាត គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូ និងជាទីក្រុងបៃតងប្រកបដោយចីរភាព ព្រមទាំងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលកំណត់ «ទឹក» ជាវិស័យអាទិភាពមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ លើកកម្ពស់សមធម៌ និងធានាឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ៕\n\nអត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12869","languageVersionId":"5762","visibilityVersion":"2","versionToken":"a1._OmOyYIcXQbcFN1-9J1nI33ZMBgUJnZaOHm61d-7knQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-10T07:47:26Z"}