{"asset":"news","key":"7738","locale":"km","id":"news:7738:km","entityId":"news:7738","canonicalUrl":"https://www.kps-tv.com/km/news/detail/7738","state":"ready","title":"កម្ពុជា ទទួលកិត្តិយសជាប្រទេសកិត្តិយស ក្នុងមហោស្រពភាពយន្តភាសាបារាំងលើកទី១៩ នៅប្រទេសបារាំង","summary":"កម្ពុជាត្រូវបានជ្រើសជាប្រទេសកិត្តិយសក្នុងមហោស្រពភាពយន្តភាសាបារាំងលើកទី១៩ នៅ Angoulême ពីថ្ងៃទី២៤ ដល់២៩ ខែសីហា ឆ្នាំ២០២៦។ ស្ថានទូតកម្ពុជានៅបារាំងនិងអ្នករៀបចំបានផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញភាពយន្ត វប្បធម៌ និងទំនាក់ទំនងហ្វ្រង់កូហ្វូនី។","body":"កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស សម្រាប់មហោស្រពភាពយន្តនិយាយភាសាបារាំងលើកទី១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុង Angoulême ប្រទេសបារាំង។\nស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានសហការជាមួយក្រុមការងាររៀបចំមហោស្រព រៀបចំសន្និសីទសារព័ត៌មាននៅនិវេសនដ្ឋាន Charles Floquet ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងលើកតម្កើងវិស័យភាពយន្តកម្ពុជា។\n\nឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានមានប្រសាសន៍ថា ការទទួលបានកិត្តិយសនេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់កម្ពុជា និងជាការបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្ររវាងកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី។ ជាពិសេស ការទទួលស្គាល់នេះក៏មានអត្ថន័យសំខាន់ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។\n\nឯកឧត្តមបានបញ្ជាក់ថា វិស័យវប្បធម៌ ជាពិសេសភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងជួយផ្សព្វផ្សាយអត្តសញ្ញាណជាតិ និងសម្បត្តិវប្បធម៌របស់កម្ពុជា ទៅកាន់ពិភពលោក។\n\nការជ្រើសរើសកម្ពុជាជាប្រទេសកិត្តិយស ក៏ជាឱកាសដើម្បីរំលឹក និងលើកតម្កើងព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាព្រះមហាក្សត្រមួយអង្គមានព្រះរាជតួនាទីសំខាន់ក្នុងចលនាហ្វ្រង់កូហ្វូនី និងជាឥស្សរជនដ៏លេចធ្លោក្នុងវិស័យភាពយន្តខ្មែរ។ ព្រះអង្គបានចូលរួមក្នុងវិស័យភាពយន្តជាអ្នកនិពន្ធ អ្នកដឹកនាំរឿង ផលិតករ និងតារាសម្តែង ព្រមទាំងបានចាត់ទុកភាពយន្តជាមធ្យោបាយដ៏មានឥទ្ធិពលសម្រាប់ផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិ។\n\nក្នុងឱកាសនេះ ក៏មានការរំលឹកពីប្រវត្តិសាស្ត្រភាពយន្តកម្ពុជា ចាប់ពីយុគសម័យមាសក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ការបាត់បង់ដ៏ធ្ងន់ធ្ងរក្រោមរបបខ្មែរក្រហម រហូតដល់ដំណើរការរស់ឡើងវិញនៃវិស័យភាពយន្ត តាមរយៈការខិតខំប្រឹងប្រែងរបស់ផលិតករជំនាន់ថ្មី ដែលកំពុងនាំយកស្នាដៃភាពយន្តខ្មែរទៅកាន់ឆាកអន្តរជាតិ។\nព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញសក្តានុពលសិល្បៈ វប្បធម៌ និងអត្តសញ្ញាណភាពយន្តខ្មែរ ទៅកាន់សហគមន៍អន្តរជាតិ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12865","languageVersionId":"5750","visibilityVersion":"2","versionToken":"a1.gREwiEwdY6kCEGACcUPFYXmqVKSQONPyh4xVipEd9i8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-10T09:32:46Z"}