{"asset":"news","key":"7758","locale":"km","id":"news:7758:km","entityId":"news:7758","canonicalUrl":"https://www.kps-tv.com/km/news/detail/7758","state":"ready","title":"សម្ដេចធិបតី៖ ២០៥០ ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់","summary":"ក្នុងសារទិវាប្រជាជនពិភពលោកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាអាចមានប្រជាជនប្រហែល២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម។ លោកអំពាវនាវឱ្យវិនិយោគលើយុវជន និងត្រៀមហេដ្ឋារចនាសម្ព័ន្ធសង្គមសម្រាប់វ័យចាស់។","body":"(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយ ចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំនឹងថយចុះដល់២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើន ដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%។ \n\nនេះបើយោងតាម សារលិខិត សម្តេចមធិបតី ក្នុងទិវា«ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មាន សារៈសំខាន់គឺ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ននិង អនាគត»។\n\nសម្ដេចធិបតី បានគូសបញ្ជាក់ថា យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤ ប្រជាជនកម្ពុជា មានចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨% វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦% វ័យ៣៥-៦៤ មានចំនួន៣២,១% និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។\n\nទិន្នន័យនេះបង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជនគឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាព ធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ សុខុមាលភាពគ្រួសារ និងសន្តិសុខ សង្គមនាពេលអនាគត។ \nដូច្នេះ ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ ទាន់ពេល វេលា និងប្រើប្រាស់បានក្នុងការសម្រេចចិត្ត ដើម្បីធានាថាការអភិវឌ្ឍរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព និងមិនទុកអ្នកណាម្នាក់ចោល។\n\nសម្ដេចបន្ថែមថា «ទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម បង្ហាញថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំនឹងថយចុះដល់២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើនដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%»។ \n\nសម្ដេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាង ច្បាស់ថា ពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺឥឡូវនេះ។ ប្រសិនបើខកខានមិនបានផ្តល់ ឱកាសនិងការគាំទ្រដល់ប្រជាជនវ័យក្មេងនាពេលបច្ចុប្បន្ន កម្ពុជានឹងប្រឈមនឹងបញ្ហានានានៅពេលខាងមុខ ដូចជាការមិនទទួលបាននូវភាគលាភប្រជាសាស្ត្រទីពីរ កង្វះកម្លាំងពលកម្មជំនាញ និងការកើនឡើងនៃបន្ទុក សេដ្ឋកិច្ចនិងសង្គមដោយសារកំណើនប្រជាជនវ័យចាស់។\n\nជាមួយគ្នានេះ សម្ដេច គូសរំលេចថា ការកើនឡើងនៃប្រជាជនវ័យចាស់ជាបញ្ហាមិនអាចចៀសផុតទៅថ្ងៃមុខ ក៏ប៉ុន្តែយើងត្រូវបុរេសកម្មក្នុង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គមទុកជាមុនសម្រាប់ប្រជាជនវ័យចាស់ ដើម្បីប្រែក្លាយភាពជាបន្ទុកនៃប្រជាជន វ័យចាស់ទៅជាភាគលាភប្រជាសាស្ត្រទីពីរ និងកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់។ \n\nលើសពីនេះទៀត សម្ដេចធិបតី បន្ថែមថា នៅពេលដែលប្រជាជនវ័យក្មេងបច្ចុប្បន្នទទួលបានឱកាសការងារនិងប្រាក់ចំណូលសមរម្យ ពួកគេមិនត្រឹមតែអាចលើក កម្ពស់សេដ្ឋកិច្ចគ្រួសារនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពសន្សំ និងកសាងសុវត្ថិភាព ហិរញ្ញវត្ថុ សម្រាប់ធានាដល់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានលទ្ធភាពគាំទ្រកូនចៅជំនាន់ក្រោយ និង វិនិយោគបន្ត នៅពេលដែលពួកគាត់ឈានចូលវ័យចាស់៕ \nដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12851","languageVersionId":"5710","visibilityVersion":"2","versionToken":"a1.csZYmexFQe0m4bljE8Ul2SOclK75dQdAwH1VCyhrJ6s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-13T01:13:29Z"}