# ផ្ទះទេវតាទី៣៣៦ ប្រគល់ជូនឪពុកកូន៦នាក់នៅខេត្តតាកែវ រួមទាំងប្រព័ន្ធភ្លើងសូឡា និងអំណោយជាច្រើន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7775>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12838","languageVersionId":"5671","visibilityVersion":"2","versionToken":"a1.8GpEOAawivuJ4ueHOj4HYhPpfBYWf72xCjkDcN04fds"}

Original publication: 2026-07-14T02:10:55Z

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតាទី៣៣៦ ជូនលោក ជឹម សុជាតិ អាយុ៣៦ឆ្នាំ ជាឪពុកកូន៦នាក់នៅស្រុកត្រាំកក់ ខេត្តតាកែវ។ អំណោយរួមមានប្រព័ន្ធភ្លើងសូឡា អង្ករ១០០គីឡូក្រាម សម្ភារៈប្រើប្រាស់ និងថវិកា១លានរៀល ព្រមទាំងអំណោយជូនមនុស្សចាស់និងរទេះរុញជូនជនពិការ។

លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ ផ្ទះទេវតាទី៣៣៦ ដែលមានបំពាក់ប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោក ជឹម សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក ជឹម សុជាតិ ជាឪពុកកូន៦នាក់ ដែលបានបាត់បង់ភរិយាក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ខណៈកំពុងធ្វើដំណើរទៅស៊ីឈ្នួលបេះផ្លែស្វាយ។ ក្រោយហេតុការណ៍នោះ លោករងរបួសបាក់ឆ្អឹងស្មា ហើយត្រូវរ៉ាប់រងកូនៗតែម្នាក់ឯង ដោយពុំមានផ្ទះផ្ទាល់ខ្លួន និងកំពុងស្នាក់នៅបណ្ដោះអាសន្នជាមួយសាច់ញាតិ។

ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបញ្ជាក់ពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់ចំពោះជីវភាពប្រជាពលរដ្ឋជួបការលំបាក។ ក្រៅពីផ្ទះថ្មី លោកក៏ទទួលបានប្រព័ន្ធភ្លើងសូឡាសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងជុំវិញផ្ទះផងដែរ។
ជាមួយគ្នានេះ ក្រុមការងារក៏បានប្រគល់អំណោយជាច្រើន រួមមាន អង្ករ ១០០គីឡូក្រាម មី ត្រីខ ទឹកដោះគោខាប់ ពូក ភួយ មុង កន្ទេល សម្ភារៈផ្ទះបាយ សម្លៀកបំពាក់ ថ្នាំពេទ្យ វិទ្យុ FM សម្ភារៈអនាម័យ និងថវិកា ១លានរៀល ដើម្បីជួយសម្រួលជីវភាពគ្រួសារ។

បន្ថែមពីនេះ កញ្ចប់អំណោយដែលមានសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ និងថវិកា ក៏ត្រូវបានចែកជូនលោកយាយ លោកតា ដែលបានចូលរួមក្នុងពិធី ហើយរទេះរុញមួយគ្រឿងក៏ត្រូវបានប្រគល់ជូនពលរដ្ឋពិការម្នាក់ផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


