{"asset":"news","key":"7807","locale":"km","id":"news:7807:km","entityId":"news:7807","canonicalUrl":"https://www.kps-tv.com/km/news/detail/7807","state":"ready","title":"កកស្ទះរាល់ថ្ងៃ! អាជ្ញាធរត្រៀមចាត់វិធានការលើផែស្ងួតអូដឹម ករណីរថយន្តកុងតឺន័រចតលើផ្លូវជាតិលេខ៤","summary":"រថយន្តកុងតឺន័រពាក់ព័ន្ធផែស្ងួតនៅភូមិអូដឹម ចតតម្រៀបនិងខ្លះចតពីរជួរលើផ្លូវជាតិលេខ៤ បង្កកកស្ទះស្ទើររាល់ថ្ងៃ។ ចៅសង្កាត់ចោមចៅទី៣ ថានឹងអញ្ជើញអ្នកទទួលខុសត្រូវផែមកពិភាក្សា និងធ្វើកិច្ចសន្យាបញ្ឈប់ការអនុញ្ញាតឱ្យចតបង្ករាំងស្ទះលើផ្លូវ។","body":"រថយន្តកុងតឺន័រជាច្រើនគ្រឿងរបស់ផែស្ងួតមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរវត្តអរុណវតី ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសាររថយន្តទាំងនោះឈប់ចតតម្រៀបគ្នាលើដងផ្លូវ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ស្ទើរតែរៀងរាល់ថ្ងៃ។\n\nលោក ចែន សុខចាន់ ប្រធានប្រជាការពារសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ទីតាំងនេះតែងជួបបញ្ហាកកស្ទះចរាចរណ៍ជាប្រចាំ ដោយកម្លាំងប្រជាការពារភូមិ-សង្កាត់ និងសមត្ថកិច្ច ត្រូវចុះទៅសម្រួលចរាចរណ៍ជាញឹកញាប់។ លោកបន្ថែមថា រថយន្តកុងតឺន័រមួយចំនួនថែមទាំងឈប់ចតពីរជួរទៀតផង ដែលធ្វើឱ្យស្ថានភាពកាន់តែលំបាក។\n\nពាក់ព័ន្ធនឹងបញ្ហានេះ លោកបានចុះទៅជួបមេការទទួលខុសត្រូវនៅផែស្ងួត ដើម្បីស្នើឱ្យសហការដោះស្រាយ។ ទោះជាយ៉ាងណា តាមការលើកឡើងរបស់លោក មេការផែបានឆ្លើយថា លោកទទួលខុសត្រូវតែការងារនៅក្នុងបរិវេណផែប៉ុណ្ណោះ ចំណែករថយន្តដែលឈប់ចតនៅខាងក្រៅ មិនស្ថិតក្នុងការទទួលខុសត្រូវរបស់លោកឡើយ។\n\nជុំវិញករណីនេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានបញ្ជាក់ថា នឹងចាត់ឱ្យមេភូមិរៀបចំលិខិតអញ្ជើញមេការ ឬអ្នកទទួលខុសត្រូវរបស់ផែស្ងួត មកជួបពិភាក្សា និងធ្វើកិច្ចសន្យាបញ្ឈប់ការអនុញ្ញាតឱ្យមានការចតរថយន្តលើដងផ្លូវ ដែលបង្កការកកស្ទះ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12809","languageVersionId":"5586","visibilityVersion":"2","versionToken":"a1.nXr8rLqRR0fweYhZjYEZ4ocoDSoejdweMjQ-0_cSZEE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-15T08:52:42Z"}