{"asset":"news","key":"7810","locale":"km","id":"news:7810:km","entityId":"news:7810","canonicalUrl":"https://www.kps-tv.com/km/news/detail/7810","state":"ready","title":"វេទិកាភាពជាដៃគូជំរុញការគ្រប់គ្រងធនធានជលផល នៅព្រះសីហនុ ដើម្បីអភិរក្សធនធានជលផល និងអភិបាលកិច្ចសហគមន៍","summary":"វេទិកាភាពជាដៃគូស្តីពីធនធានជលផលនិងអភិបាលកិច្ចសហគមន៍ បានរៀបចំនៅស្រុកព្រៃនប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ មន្ត្រី សហគមន៍នេសាទ និងដៃគូបានពិភាក្សាការអភិរក្ស ការអនុវត្តច្បាប់ និងជីវភាពសហគមន៍។ ខេត្តព្រះសីហនុមានសហគមន៍នេសាទ១៧ ដែលចូលរួមសហគ្រប់គ្រងធនធាន។","body":"ខេត្តព្រះសីហនុ៖ វេទិកាពិគ្រោះយោបល់ក្នុងភាពជាដៃគូ ស្តីពី ការគ្រប់គ្រងធនធានជលផល និងអភិបាលកិច្ចសហគមន៍ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅស្រុកព្រៃនប់ ដោយមានការចូលរួមពីឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលជលផល សហគមន៍នេសាទ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។ វេទិកានេះមានគោលបំណងពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រង ការពារ អភិរក្ស និងប្រើប្រាស់ធនធានជលផលប្រកបដោយចីរភាព។\n\nលោក សុខ សុខុម នាយកអង្គការស្រលាញ់ធនធានធម្មជាតិកម្ពុជា (CNRO) បានថ្លែងថា ធនធានជលផលសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសន្តិសុខស្បៀង ការអភិវឌ្ឍសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋ និងការរក្សាតុល្យភាពបរិស្ថាន។ លោកបានគូសបញ្ជាក់ថា សហគមន៍នេសាទបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងគ្រប់គ្រងធនធានជលផល ប៉ុន្តែក៏នៅតែប្រឈមនឹងបញ្ហាបទល្មើសនេសាទ ការកាប់បំផ្លាញព្រៃកោងកាង ការទន្ទ្រានដីសាធារណៈ និងការបំពុលបរិស្ថាន។\n\nឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ គួបផ្សំនឹងការអភិរក្សធនធានធម្មជាតិ តាមរយៈការពង្រឹងសហគមន៍នេសាទ បណ្តាញសហគមន៍ និងតំបន់គ្រប់គ្រងជលផលសមុទ្រ។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងធ្វើបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព។\n\nឯកឧត្តមបានបញ្ជាក់ថា វេទិកានេះជាឱកាសសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយរួម ដើម្បីពង្រឹងអភិបាលកិច្ចសហគមន៍ ការពារធនធានជលផល និងលើកកម្ពស់ជីវភាពប្រជានេសាទឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងពាក្យស្លោក «មានហូប មានប្រើ មានបាន និងមានរហូត»។\n\nមានប្រសាសន៍នាឱកាសនោះលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ ដោយថ្លែងអំណរគុណដល់ក្រសួង អគ្គនាយកដ្ឋានជលផល អង្គការដៃគូ អង្គការសង្គមស៊ីវិល និងសហភាពអឺរ៉ុប ដែលបានគាំទ្រការអភិរក្សធនធានសមុទ្រ និងការអភិវឌ្ឍជីវភាពសហគមន៍តំបន់ឆ្នេរ។\n\nលោកអភិបាលរងខេត្តបានឱ្យដឹងថា ខេត្តព្រះសីហនុមានសហគមន៍នេសាទចំនួន ១៧ ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការសហគ្រប់គ្រង និងអភិរក្សធនធានជលផល។ ទោះជាយ៉ាងណា ធនធានធម្មជាតិនៅតែប្រឈមនឹងសម្ពាធពីការអភិវឌ្ឍ ការវិនិយោគ ការទន្ទ្រានដីធ្លី និងការប្រើប្រាស់ធនធានលើសកម្រិត ដែលទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់ និងការវាយតម្លៃផលប៉ះពាល់បរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។\n\nហើយ រដ្ឋបាលខេត្តបានប្តេជ្ញាបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញ និងដៃគូអភិវឌ្ឍន៍ ដើម្បីការពារព្រៃកោងកាង អភិរក្សធនធានជលផល និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ប្រកបដោយចីរភាព៕\n\nអត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12806","languageVersionId":"5577","visibilityVersion":"2","versionToken":"a1.Z5cgQVlCjhy7IwhLDWvQOTVIDXiXdL9HXgYmOyhAMuw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-15T09:45:40Z"}