{"asset":"news","key":"7812","locale":"km","id":"news:7812:km","entityId":"news:7812","canonicalUrl":"https://www.kps-tv.com/km/news/detail/7812","state":"ready","title":"ភ្លៀងជាប់ៗគ្នា និងរថយន្តដឹកទំនិញកើនឡើង ធ្វើឱ្យផ្លូវវាលរេញ–ត្រពាំងល្ពៅខូច មន្ទីរសាធារណការខេត្តព្រះសីហនុត្រៀមជួសជុលភ្លាមៗក្រោយភ្លៀងរាំង","summary":"មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុឱ្យដឹងថា ភ្លៀងខ្លាំងប្រមាណ៦ថ្ងៃ និងចរាចរណ៍រថយន្តធុនធ្ងន់កើនឡើង បានធ្វើឱ្យផ្លូវវាលរេញ–ត្រពាំងល្ពៅ ជាប់ព្រំប្រទល់ខេត្តកំពតខូចខាត។ ក្រុមការងារត្រៀមជួសជុលជាបន្ទាន់ពេលភ្លៀងរាំងនិងអាកាសធាតុអំណោយផល ហើយអំពាវនាវឱ្យអ្នកបើកបរប្រុងប្រយ័ត្ននិងបន្ថយល្បឿន។","body":"ខេត្តព្រះសីហនុ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានប្រាប់ទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងអនុវត្តការងារថែទាំផ្លូវជាប្រចាំ ដើម្បីធានាសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។\n\nលោកបានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ ៦ថ្ងៃកន្លងមកនេះ ខេត្តព្រះសីហនុបានទទួលរងភ្លៀងធ្លាក់ខ្លាំង និងបន្តជាប់ៗគ្នា បណ្តាលឱ្យដីជោកជាំ ខណៈចរាចរណ៍រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ក៏មានការកើនឡើងយ៉ាងច្រើន។ កត្តាទាំងនេះបានធ្វើឱ្យកំណាត់ផ្លូវជាតិចន្លោះវាលរេញ ទៅត្រពាំងល្ពៅ ជាប់ព្រំប្រទល់ខេត្តកំពត រងការខូចខាត ដោយមានសំបុកមាន់ និងផ្ទៃផ្លូវមិនស្មើ ដែលបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។\n\nលោក ម៉ឹង យូឡេង បានបន្ថែមថា មន្ត្រីជំនាញរបស់មន្ទីរ កំពុងតាមដានស្ថានភាពផ្លូវយ៉ាងយកចិត្តទុកដាក់ ហើយនៅពេលអាកាសធាតុអំណោយផល និងភ្លៀងរាំង ក្រុមការងារនឹងចុះអនុវត្តការងារជួសជុលជាបន្ទាន់ ដើម្បីស្តារស្ថានភាពផ្លូវឱ្យអាចប្រើប្រាស់បានប្រសើឡើងវិញ និងកាត់បន្ថយការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ។\n\nជាមួយគ្នានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យបើកបរដោយប្រុងប្រយ័ត្ន កាត់បន្ថយល្បឿននៅតំបន់ផ្លូវខូច និងគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលដែលក្រុមការងារកំពុងត្រៀមចុះជួសជុលផ្លូវ៕\n\nអត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12803","languageVersionId":"5568","visibilityVersion":"2","versionToken":"a1.F3-04sY2Lb-BWObVb2pn8n7WF6R7TvmWV5I6wUu24Vs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-15T09:57:33Z"}