# រដ្ឋបាលក្រុងព្រះសីហនុ បើកវេទិកាពិគ្រោះយោបល់ឆ្នាំ២០២៦ ស្តាប់សំណូមពរប្រជាពលរដ្ឋ ដើម្បីកែលម្អការអភិវឌ្ឍមូលដ្ឋាន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7831>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12785","languageVersionId":"5514","visibilityVersion":"2","versionToken":"a1.v3iqbvjud4wHlsy_y9CD3ZmLd0_Jvb79yl0PPWAAUIc"}

Original publication: 2026-07-16T09:05:53Z

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រះសីហនុបានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ដោយមានប្រជាពលរដ្ឋពីសង្កាត់ទាំង៤ចូលរួម។ ប្រជាពលរដ្ឋលើកសំណូមពរអំពីផ្លូវ លូ សន្តិសុខ គ្រឿងញៀន និងសំរាម ខណៈរដ្ឋបាលក្រុងបញ្ជាក់ថានឹងផ្ដល់អាទិភាពដល់បញ្ហាបន្ទាន់។

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីសង្កាត់ទាំង៤ មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ច និងអង្គការសង្គមស៊ីវិល។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ផុន សុភក្ត្រ សមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុ និងលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ក្នុងគោលបំណងផ្សព្វផ្សាយលទ្ធផលការងាររបស់រដ្ឋបាលក្រុង និងស្តាប់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមពីប្រជាពលរដ្ឋ ដើម្បីដាក់ចេញដំណោះស្រាយសមស្រប និងទាន់ពេលវេលា។

ក្នុងវេទិកា ប្រជាពលរដ្ឋបានលើកឡើងពីសំណូមពរពាក់ព័ន្ធនឹងការជួសជុលផ្លូវ កែលម្អប្រព័ន្ធលូរំដោះទឹក ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ បង្ការ និងបង្ក្រាបគ្រឿងញៀន ព្រមទាំងការគ្រប់គ្រងសំរាម និងអនាម័យបរិស្ថានក្នុងក្រុង។

ឆ្លើយតបនឹងសំណូមពរទាំងនេះ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុបានបញ្ជាក់ថា រដ្ឋបាលក្រុងទទួលយកសំណូមពរនិងបញ្ហាប្រឈមនានាហើយបញ្ហាខ្លះលោកដោះស្រាយនៅក្នុងកម្មពិធីនឹងផ្តល់អាទិភាពដោះស្រាយបញ្ហាបន្ទាន់ជាមុន ខណៈសំណូមពរផ្សេងៗនឹងត្រូវអនុវត្តជាបន្តបន្ទាប់ ស្របតាមផែនការ និងលទ្ធភាពជាក់ស្តែង។ លោកអភិបាលក្រុងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវនិង សហការផ្តល់ព័ត៌មានអំពីបទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន ដូចជា អំពើលួច ឆក់ ក្មេងទំនើង ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន អំពើហិង្សា ល្បែងស៊ីសង និងទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការបង្ការ និងបង្ក្រាបបានទាន់ពេលវេលា។

លោកអភិបាលក្រុងក៏បានអំពាវនាវដល់អាជីវករ និងអ្នកលក់ដូរនៅតាមតំបន់ទេសចរណ៍ ឱ្យរួមគ្នារក្សាអនាម័យ និងសោភ័ណភាពទីក្រុង ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

មានប្រសាសន៍ក្នុងពិធីបិទវេទិកា លោក ផុន សុភក្ត្រ សមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុ បានថ្លែងអំណរគុណចំពោះអង្គវេទិកាទាំងមូល ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរមតិយោបល់ លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរ ព្រមទាំងទទួលបានការបកស្រាយពីស្ថាប័នពាក់ព័ន្ធ ធ្វើឱ្យវេទិកាប្រព្រឹត្តទៅដោយជោគជ័យ។

លោកបានបញ្ជាក់ថា វេទិកានេះបានឆ្លុះបញ្ចាំងពីគោលការណ៍គណនេយ្យភាព និងតម្លាភាពរបស់រដ្ឋបាលក្រុង ក្នុងការផ្សព្វផ្សាយលទ្ធផលការងារ ទិសដៅអភិវឌ្ឍន៍ និងការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍមូលដ្ឋានតាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងក៏បានទទួលយកមតិយោបល់ និងសំណើសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីបន្តដោះស្រាយ និងកែលម្អការផ្តល់សេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


