# ឃាត់ស្ត្រីខ្មែរជិត២០០នាក់សង្ស័យធ្វើដំណើរទៅក្រៅប្រទេសមិនប្រក្រតីក្នុងពេល៦ខែឆ្នាំ២០២៦ 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7897>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12729","languageVersionId":"5350","visibilityVersion":"2","versionToken":"a1.RGNeU8KEkVFxigSi_75dUxbjYn0efBVaGwmBgUqnvEo"}

Original publication: 2026-07-20T06:56:33Z

ក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី២០ ខែកក្កដា ថា អន្តោប្រវេសន៍បានផ្អាកដំណើរស្ត្រីខ្មែរ១៩៨នាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រោយពិនិត្យឃើញគោលបំណងមិនច្បាស់លាស់ និងពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ ក្រសួងជំរុញការអប់រំអំពីការបោកបញ្ឆោតទៅរៀបការឬធ្វើការនៅក្រៅប្រទេស។

ក្នុងរយៈពេល៦ខែឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានផ្អាកដំណើរការស្រ្តីខ្មែរចំនួន១៩៨នាក់។ ការឃាត់ដំណើរនេះ គឺបន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ជំនាញ ដាក់ការសង្ស័យ ពិនិត្យ និងសាកសួរ រហូតរកឃើញថាបានធ្វើដំណើរដោយគ្មានគោលបំណងច្បាស់លាស់ ពោលគឺពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ នេះបើតាមការឱ្យដឹងក្រសួងមហាផ្ទៃនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

 បញ្ហាស្ត្រីខ្មែរដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់នាំទៅក្រៅប្រទេស គឺជាចំណុចស្នូលមួយដែល ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យកចិត្តទុកដាក់ស្របតាមគោលគោលការណ៍ដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

 ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ឯកឧត្តម ស សុខា បានណែនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន ព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គមទាំងអស់ បន្តយកចិត្តទុកដាក់រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។ 

 ប្រមុខក្រសួងមហាផ្ទៃក៏បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញប្រជាពលរដ្ឋខ្មែរគ្រប់វិធីសាស្ត្រ និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស ដើម្បីភាពមានបាន ឬអូសទាញទៅធ្វើការងារដែលទទួលបានប្រាក់ខែខ្ពស់នៅបរទេសជាដើម។ 

 គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនពីមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 3
- authorText: 
- sourceName: KPS99TV

## References


