{"asset":"news","key":"7902","locale":"km","id":"news:7902:km","entityId":"news:7902","canonicalUrl":"https://www.kps-tv.com/km/news/detail/7902","state":"ready","title":"កម្ពុជាបង្កើនពាណិជ្ជកម្មជាមួយប្រទេសសមាជិក RCEP ជិត ២៥ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦","summary":"តាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មកម្ពុជាជាមួយសមាជិក RCEP ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានតម្លៃ២៤,៤ពាន់លានដុល្លារ កើនឡើង២៤%។ ការនាំចេញមានតម្លៃ៥,៦៣ពាន់លានដុល្លារ និងការនាំចូល១៨,៨ពាន់លានដុល្លារ។","body":"ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសមាជិកនៃ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រេចបាន ២៤,៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០២៦ កើនឡើង ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលបង្ហាញពីសន្ទុះរីកចម្រើននៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារតំបន់។\n\nយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាន នាំចេញទំនិញ ទៅកាន់ប្រទេសសមាជិក RCEP ក្នុងទំហំទឹកប្រាក់ ៥,៦៣ពាន់លានដុល្លារ កើនឡើង ១១,៨ភាគរយ ខណៈ ការនាំចូល មានតម្លៃ ១៨,៨ពាន់លានដុល្លារ កើនឡើង ២៨ភាគរយ។\n\nរបាយការណ៍ដដែលបានបញ្ជាក់ថា ទីផ្សារ RCEP នៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កម្ពុជា ដោយមានចំណែក ជិត ៦៤ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ដែលសម្រេចបាន ៣៨,២ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែដំបូងឆ្នាំនេះ។\n\nដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាក្នុងប្លុក RCEP រួមមាន ចិន វៀតណាម សិង្ហបុរី និងជប៉ុន ដែលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរទំនិញ និងការវិនិយោគរវាងកម្ពុជា និងតំបន់។\n\nកំណើនពាណិជ្ជកម្មនេះ បានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង RCEP ក្នុងការពង្រីកទីផ្សារនាំចេញ បង្កើនភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកត្តាសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។\n\nសូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមានចាប់ពីឆ្នាំ២០២២ ដោយមានសមាជិកចំនួន ១៥ប្រទេស រួមមានប្រទេសអាស៊ានទាំង ១០ (លើកលែងទីម័រឡេស្តេ) និងដៃគូពាណិជ្ជកម្មធំៗចំនួន ៥ គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលបានបង្កើតជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយនៅលើពិភពលោក៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12724","languageVersionId":"5335","visibilityVersion":"2","versionToken":"a1.UgLXAn1ObhyHrOFc3EpiJIAq9z_dRbusLhFNPJtafds"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-21T01:38:17Z"}