{"asset":"news","key":"7907","locale":"km","id":"news:7907:km","entityId":"news:7907","canonicalUrl":"https://www.kps-tv.com/km/news/detail/7907","state":"ready","title":"រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៖«បទល្មើសOnline Scams សំបុកធំៗបានបំបែកអស់ហើយ តែរីកនៅតាមផ្ទះពលរដ្ឋទៅវិញ ខណៈអាជ្ញាធរព្រះសីហនុ សកម្មក្នុងការបង្រ្កាប»!  ","summary":"រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហ៊ូ សាគុណ បានថ្លែងនៅកិច្ចប្រជុំខេត្តព្រះសីហនុ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា សំបុក Online Scams ធំៗត្រូវបានបំបែក តែបទល្មើសតូចៗកំពុងរីកនៅតាមផ្ទះពលរដ្ឋ។ អភិបាលខេត្ត ម៉ាង ស៊ីណេត ក៏បានរាយការណ៍លទ្ធផលបង្ក្រាបក្នុងឆមាសទី១។","body":"(ព្រះសីហនុ)៖ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា បច្ចុប្បន្នបទល្មើសOnline Scams សំបុកធំៗបានបំបែកអស់ហើយ តែបទល្មើសមួយនេះបែរជារីកឡើងបោះទីតាំងនៅតាមផ្ទះរបស់ប្រជាពលរដ្ឋទៅវិញ ដោយមានគ្នា១ទៅ២នាក់ក៏អាចប្រព្រឹត្តបទល្មើសបាន ចាំបាច់ត្រូវតែបង្រ្កាបឱ្យអស់ កុំឱ្យប្រជាពលរដ្ឋធ្លាក់ជាជនរងគ្រោះក្នុងករណីនេះ។\n\nក្នុងកិច្ចប្រជុំបូកសរុប លទ្ធផល នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ និងលើកទិសដៅការឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ូ សាគុណ បានគូសបញ្ជាក់ថា«ឥលូវនេះបទល្មើស Online Scams សំបុកធំៗបានបំបែកអស់ហើយ តែOnline Scams មាននៅក្នុងផ្ទះប្រជាពលរដ្ឋទៅវិញ មានគ្នា១ទៅ២នាក់ តែនៅតែធ្វើ Online Scamsបាន»។ \n\nពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំក្រើនរំលឹកដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យប្រើយុទ្ធការការពារ ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋក្លាយជាជនរងគ្រោះក្នុងករណី Online Scamsនេះ។   \n\nក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព ស្តីពីការបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបានរៀបចំ សេចក្តីសម្រេចបង្កើតគណៈកម្មការ ដឹកនាំការបង្ក្រាប ដែលមានក្រុមការងារប្រតិបត្តិការចំនួន២ក្រុម និងលេខាធិការដ្ឋានចំនួន១។ ក្រុមការងារនីមួយៗដឹកនាំដោយអភិបាលរងខេត្ត១រូប និងមានការសម្រប សម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។\n\nជាលទ្ធផលគិតចាប់ពីខែមករាដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះបានត្រួតពិនិត្យទីតាំងសរុបចំនួន ១៥៧៦ទីតាំង ក្នុងនោះបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ១២៤ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេស ស្នាក់នៅមិនស្របច្បាប់ចំនួន៥៣ទីតាំង និងបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤ ៤០៦នាក់ (ជនជាតិខ្មែរ ១៨៤នាក់ និង ជនបរទេស ៤ ២២២នាក់ មាន២៧សញ្ជាតិ) ក្នុងនោះអ្នកពាក់ ព័ន្ធបទល្មើសចំនួន ៤៦០នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការ និងជនបរទេសចំនួន ២៩០២នាក់ បាននិងកំពុងបន្តនីតិវិធីបណ្ដេញចេញពីកម្ពុជា៕\n\nដោយ៖ធី លីថូ\nរូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12714","languageVersionId":"5305","visibilityVersion":"2","versionToken":"a1.TMT48k42T1fnAGCVIT8HJi9yXmY05UOsevD9muTetn4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-21T06:21:09Z"}