{"asset":"news","key":"7929","locale":"km","id":"news:7929:km","entityId":"news:7929","canonicalUrl":"https://www.kps-tv.com/km/news/detail/7929","state":"ready","title":"កម្លាំងគយចល័តបង្ក្រាបទូកដឹកទំនិញសង្ស័យគេចពន្ធ ២គ្រឿង នៅច្រកបាក់ដៃ ខេត្តតាកែវ រកឃើញទំនិញជាច្រើនមិនទាន់ប្រកាសគយ","summary":"កម្លាំងគយចម្រុះបានត្រួតពិនិត្យទូកដឹកទំនិញនាំចូលពីវៀតណាមចំនួន២គ្រឿង នៅតំបន់ច្រកទ្វេភាគីបាក់ដៃ ខេត្តតាកែវ និងរកឃើញទំនិញមួយភាគធំមិនទាន់បំពេញបែបបទប្រកាសគយត្រឹមត្រូវ។ ទូកនិងទំនិញត្រូវបានប្រគល់ឱ្យម្ចាស់រក្សាទុកបណ្ដោះអាសន្ននៅស្រុកអង្គរបូរី រង់ចាំការសម្រេចតាមនីតិវិធី។","body":"កម្លាំងចម្រុះនៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកជាសេនាធិការ និងក្រុមអន្តរាគមន៍ពិសេស បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទូកដឹកទំនិញនាំចូលពីប្រទេសវៀតណាមចំនួន ២គ្រឿង នៅតំបន់ច្រកទ្វេភាគីបាក់ដៃ ស្ថិតក្នុងខេត្តតាកែវ ដោយរកឃើញទំនិញមួយចំនួនធំមិនទាន់បានបំពេញបែបបទប្រកាសគយត្រឹមត្រូវ។\n\n ប្រតិបត្តិការនេះធ្វើឡើងដោយមានកិច្ចសហការជាមួយមន្ត្រីការិយាល័យគយ និងរដ្ឋាករ បាក់ដៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំផ្ទាល់ដោយលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។\n សមត្ថកិច្ចបានចុះទៅដល់ទីតាំងដែលទទួលបានព័ត៌មានពីបណ្ដាញសម្ងាត់ ស្ថិតនៅចម្ងាយប្រមាណ ៧ ទៅ ៨គីឡូម៉ែត្រ ពីច្រកទ្វេភាគីបាក់ដៃ ដើម្បីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់អនុលោមភាពទំនិញ។\n\n ប្រតិបត្តិការនេះអនុវត្តតាមការណែនាំរបស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ដើម្បីពង្រឹងវិធានការបង្ការ និងបង្ក្រាបការរត់ពន្ធ និងគេចពន្ធឱ្យកាន់តែមានប្រសិទ្ធភាព។\n\n ក្រោយការត្រួតពិនិត្យលើទូកទាំងពីរ សមត្ថកិច្ចបានរកឃើញថា មានទំនិញចម្រុះមួយភាគធំ មិនទាន់បានប្រកាស និងបំពេញបែបបទនាំចូលនៅការិយាល័យគយ និងរដ្ឋាករ បាក់ដៃ ឱ្យបានត្រឹមត្រូវតាមនីតិវិធី។\n\n បច្ចុប្បន្ន ទូកដឹកទំនិញទាំងពីរគ្រឿង រួមទាំងទំនិញពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់រក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីរង់ចាំការសម្រេចតាមនីតិវិធីពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។\n\n ប្រតិបត្តិការនេះបង្ហាញពីការបន្តពង្រឹងការអនុវត្តច្បាប់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការទប់ស្កាត់ការរត់ពន្ធ ការគេចពន្ធ និងធានាឱ្យការនាំចូលទំនិញប្រព្រឹត្តទៅស្របតាមច្បាប់ជាធរមាន៕\n\n ដោយ ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12696","languageVersionId":"5251","visibilityVersion":"2","versionToken":"a1.rXS7v_K4Kac58S-tcby7eJVi1C0NWgVpe0RlQf4cqNQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-22T06:59:39Z"}