{"asset":"news","key":"7932","locale":"km","id":"news:7932:km","entityId":"news:7932","canonicalUrl":"https://www.kps-tv.com/km/news/detail/7932","state":"ready","title":"ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានសរសើរកម្ពុជាលើការបោសសម្អាត Online Scam","summary":"ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន Brian McFeeters បានជួបឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ និងកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scam។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបរិយាកាសវិនិយោគ និងការពង្រីកអាជីវកម្មអាមេរិកនៅកម្ពុជា។","body":"ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឯកឧត្តមចាត់ទុកប្រតិបត្តិការនេះថា ជាការប្រឹងប្រែងដ៏អស្ចារ្យ។ \n\n ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានដឹកនាំប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។\n\n ឯកឧត្តមប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានកត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់បង្កបរិយាកាសអំណោយផល ធ្វើឱ្យបណ្តាក្រុមហ៊ុនអាមេរិកដែលកំពុងមានវត្តមាននៅកម្ពុជា មានទំនុកចិត្ត និងទទួលបានភាពកក់ក្តៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។\n\n ជាការឆ្លើយតប ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នេះឱ្យអស់ ព្រោះបទល្មើសនេះ ជាអម្រែកនៅលើស្មាដែលត្រូវតែដោះស្រាយជាដាច់ខាត។\n\n ប្រមុខក្រសួងមហាផ្ទៃ បានជម្រាបជូនប្រតិភូអំពីលទ្ធផលនាពេលថ្មីៗនេះថា ក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ក្នុងនោះសមត្ថកិច្ចកម្ពុជាក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត ខណៈជនបរទេសជាង៣០ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញ និងត្រូវបានបណ្ដេញចេញពីកម្ពុជាត្រឡប់ទៅប្រទេសដើមវិញ។\n\n តំណាងក្រុមហ៊ុននីមួយៗ ក៏បានយកឱកាសនោះលើកឡើងអំពីចំណាប់អារម្មណ៍ចំពោះបទពិសោធនៃការវិនិយោគនៅកម្ពុជា និងការសម្លឹងមើលសក្តានុពលបន្ថែមដើម្បីពង្រីកអាជីវកម្ម។ ត្រង់ចំណុចនេះ ប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ក្រសួងមហាផ្ទៃ ក្នុងការគាំទ្រ និងសម្រួលដល់ការវិនិយោគទាំងនោះ ឱ្យដំណើរការទៅដោយរលូន និងរីកចម្រើនលើទឹកដីកម្ពុជា។\n\n ឯកឧត្តម Brian McFeeters បានជម្រាបជូនឯកឧត្តម ស សុខាដោយត្រង់ៗថា ឯកឧត្តម និងប្រតិភូដែលបានបំពេញបេសកកម្មនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ គឺទទួលបានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព ហើយរំពឹងថា ទស្សនកិច្ចលើកនេះ នឹងជំរុញដល់ការពង្រីកសកម្មភាពវិនិយោគរបស់ក្រុមធុរជនអាមេរិកនៅកម្ពុជាបន្ថែមទៀត។\n\n ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរំពឹងថា ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងនាំយកនូវអ្វីដែលបានមើលឃើញ និងស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ទៅជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈដល់ការវិនិយោគដោយគ្មានការរើសអើង៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12693","languageVersionId":"5242","visibilityVersion":"2","versionToken":"a1.dRcP3h_ZotwlPTEMqphoGrNhvIrIMehj5F0Skf5YHRk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-22T08:52:19Z"}