{"asset":"news","key":"7937","locale":"km","id":"news:7937:km","entityId":"news:7937","canonicalUrl":"https://www.kps-tv.com/km/news/detail/7937","state":"ready","title":"កម្ពុជាប្រាប់អង្គការយូណេស្កូថាជម្លោះប្រដាប់អាវុធថៃនិងកម្ពុជាបានបង្កឱ្យប្រាសាទព្រះវិហារខូចខាតធ្ងន់ធ្ងរ ","summary":"រដ្ឋមន្ត្រីវប្បធម៌កម្ពុជា បានប្រាប់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកថា ជម្លោះព្រំដែនឆ្នាំ២០២៥ បានធ្វើឱ្យប្រាសាទព្រះវិហារខូចខាតធ្ងន់ធ្ងរ ហើយស្នើបន្តតាមដាន និងគាំទ្រការអភិរក្សនិងស្តារឡើងវិញជាបន្ទាន់។","body":"រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានថ្លែងប្រាប់អង្គប្រជុំនៃនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូថា ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យប្រាសាទព្រះវិហារដែលជាសម្បត្កិបេតិកភណ្ឌពិភពលោកទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។\n\n ក្នុងសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៩ដល់ថ្ងៃទី២៩ ខែកក្កដា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជម្រាបជូនអង្គប្រជុំថា ការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យបេតិកភណ្ឌពិភពលោកនេះទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកល (Outstanding Universal Value - OUV) សុក្រឹតភាព (Integrity) និងយថាភាព (Authenticity) របស់រមណីយដ្ឋាន។ រចនាសម្ព័ន្ធប្រាសាទបានរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់ ខណៈដែលសហគមន៍មូលដ្ឋាន នៅតែត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ និងមិនអាចចូលទៅកាន់ទីសក្ការបូជាដែលជាផ្នែកមួយនៃបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងអត្តសញ្ញាណរបស់ពួកគេបានជាធម្មតានៅឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងវប្បធម៌កម្ពុជា នៅថ្ងៃទី២២ ខែកក្កដានេះ។\n\n លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ICOMOS និងដៃគូអន្តរជាតិទាំងអស់ ដែលបានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្ស និងការពាររមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ កម្ពុជា បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះប្រាសាទ ព្រះវិហារ បន្ទាប់ពីជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ជាពិសេសការបញ្ជូនបេសកកម្មប្រឹក្សារួមរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងICOMOS ដែលបានអនុវត្តនៅខែមីនា ឆ្នាំ២០២៦ តាមការ អញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។\n\n លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌ របស់អង្គការយូណេស្កូ (UNESCO Heritage Emergency Fund) និងដៃគូអន្តរជាតិផ្សេងទៀត កម្ពុជាបានអនុវត្ត វិធានការបន្ទាន់ជាច្រើន រួមមានការបោសសម្អាតគ្រាប់បែកចង្កោម និងបំណែកគ្រាប់កាំភ្លើងធំ ការរៀបចំឯកសារ 3D នៃប្រាសាទ ការការពារសំណង់ដែលងាយរងគ្រោះ និងការចុះបញ្ជី ព្រមទាំងរៀបចំឯកសារបំណែកស្ថាបត្យកម្មនានា ដើម្បីគាំទ្រដល់ការងារអភិរក្ស និងជួសជុលឡើងវិញនាពេលអនាគត។\n\n លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនអាចសម្រេចបានពេញលេញឡើយ ដរាបណាការគំរាមកំហែងចំពោះរមណីយដ្ឋាននៅតែបន្តមាន។ គណៈប្រតិភូកម្ពុជា បាន ទាក់ទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការចំពោះការបន្តវត្តមានរបស់កងកម្លាំងយោធាថៃនៅតំបន់ជុំវិញ ក្បែរប្រាសាទព្រះវិហារ ព្រមទាំងសកម្មភាពឯកតោភាគីដទៃទៀតដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ខ្មែរនៅក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ដែលបង្កហានិភ័យនៃការខូចខាតបន្ថែមទៀត និងឆ្លុះបញ្ចាំងពីចេតនាបង្កើតស្ថានភាពជាក់ស្តែង (fait accompli) នៅលើដី។\n\n លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រទេសថៃគោរពច្បាប់អន្តរជាតិ និងស្វែងរកដំណោះស្រាយដោយ សន្តិវិធីចំពោះបញ្ហាព្រំដែន តាមរយៈគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ស្របតាមសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ គណៈប្រតិភូកម្ពុជាបានស្នើសុំឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្តតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពរមណីយដ្ឋាន បន្តគាំទ្រការងារអភិរក្ស និងស្តារឡើងវិញជាបន្ទាន់ និងបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការគោរពអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌។\n\n លោកជំទាវ ភឿង សកុណា បានគូសបញ្ជាក់ថា សោកនាដកម្មដែលបាន កើតឡើងចំពោះប្រាសាទព្រះវិហារ គឺជាការរំលឹកដល់សហគមន៍អន្តរជាតិថា ការការពារបេតិកភណ្ឌពិភពលោក គឺជាការការពារសន្តិភាព កិច្ចសន្ទនា និងការទទួលខុសត្រូវរួមរបស់មនុស្សជាតិ៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12683","languageVersionId":"5212","visibilityVersion":"2","versionToken":"a1.t0xwaAOyTxa4X0wcTlDByfBMFcME-gvFfadT13zN-Jk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-22T10:00:35Z"}