# ខេត្តព្រះសីហនុបន្តក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ! ជាង២ឆ្នាំ ទាក់ទាញទុនវិនិយោគប្រមាណ ៨,៤ ប៊ីលានដុល្លារ និងបង្កើតការងារជាង ៦ម៉ឺនកន្លែង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7943>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12691","languageVersionId":"5236","visibilityVersion":"2","versionToken":"a1.WNpIElvQTRRdZ7sEOuX7rDnbZSS9xuhqkSPHAGBgsIg"}

Original publication: 2026-07-23T01:49:22Z

ពីឆ្នាំ២០២៤ដល់ត្រីមាសទី២ឆ្នាំ២០២៦ ខេត្តព្រះសីហនុបានអនុម័ត និងសម្របសម្រួលគម្រោង៤៩១ ដែលមានទុនវិនិយោគប៉ាន់ស្មានប្រមាណ៨,៤ប៊ីលានដុល្លារ និងរំពឹងបង្កើតការងារជាង៦ម៉ឺន។ កិច្ចប្រជុំថ្ងៃទី២២ ខែកក្កដាបានអនុម័តគម្រោងថ្មី១០ ទុនប្រមាណ៧២លានដុល្លារ។

ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុកំពុងបន្តបង្ហាញសក្តានុពលខ្លាំងក្នុងការទាក់ទាញវិនិយោគ ដោយក្នុងរយៈពេលជាង ២ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ ដល់ត្រីមាសទី២ ឆ្នាំ២០២៦ បានទាក់ទាញទុនវិនិយោគប៉ាន់ស្មានប្រមាណ ៨,៤ ប៊ីលានដុល្លារអាម៉េរិក តាមរយៈការអនុម័ត និងសម្របសម្រួលគម្រោងវិនិយោគសរុប ៤៩១គម្រោង ដែលរំពឹងថានឹងបង្កើតឱកាសការងារជាង ៦ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋ។

ក្នុងចំណោមគម្រោងទាំង ៤៩១ នេះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ២១៦គម្រោង ខណៈគម្រោងថ្មី និងគម្រោងមិនពាក់ព័ន្ធអគារជាប់គាំងមាន ២៣៥គម្រោង។ បន្ថែមពីនេះ មានគម្រោងពង្រីកអាជីវកម្មចំនួន ២៥គម្រោង និងគម្រោងដែលកំពុងដំណើរការមានស្រាប់ចំនួន ១៥គម្រោង ដែលបន្តទទួលបានការគាំទ្រ។

ថ្លែងក្នុងកិច្ចប្រជុំអនុម័តគម្រោងវិនិយោគថ្មីចំនួន ១០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧២លានដុល្លារអាម៉េរិក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជម្រុញការវិនិយោគខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមការងារបានបន្តផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីវិនិយោគយ៉ាងសកម្ម ដើម្បីជំរុញបរិយាកាសវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ។

លទ្ធផលនេះបានឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិនលើសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលកំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងភស្តុភារដ៏សំខាន់របស់កម្ពុជា៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


