{"asset":"news","key":"7949","locale":"km","id":"news:7949:km","entityId":"news:7949","canonicalUrl":"https://www.kps-tv.com/km/news/detail/7949","state":"ready","title":"កម្ពុជាប្រាប់កិច្ចប្រជុំអាយឆាថាយោធាថៃរាយបន្លាលួសនិងដាក់ទូរកុងតឺន័ររារាំងជនភៀសសឹកខ្មែរជាង២ម៉ឺននាក់មិនឱ្យទៅលំនៅឋានវិញ","summary":"តំណាងរងកម្ពុជាប្រចាំអាយឆា បានលើកឡើងថា របាំងបន្លាលួស និងទូរកុងតឺន័ររបស់យោធាថៃ រារាំងជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះ និងអំពាវនាវឱ្យគោរពសិទ្ធិមនុស្ស និងការវិលត្រឡប់ប្រកបដោយសុវត្ថិភាពនិងសេចក្ដីថ្លៃថ្នូរ។","body":"តំណាងរងកម្ពុជាប្រចាំអាយឆា បានថ្លែងក្នុងកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)ថា យោធាថៃរាយបន្លាលួសនិងដាក់ទូរកុងតឺន័ររារាំងប្រជាជនភៀសសឹកកម្ពុជាជាង ២០ ០០០នាក់មិនឱ្យត្រឡប់ទៅលំនៅឋានវិញបាន។\n\nឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីស្ថានភាពរបស់ប្រជាជនភៀសសឹកកម្ពុជាជាង ២០ ០០០នាក់ដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារ ការរារាំងពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួស និងការដាក់ទូរកុងតឺន័រ។ ការណ៍នេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ \n\nជាថ្មីម្តងទៀត ឯកឧត្តមបានបញ្ជាក់ឡើងវិញនូវកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសនៅក្នុងចំណុចទី៤ ចែងយ៉ាងច្បាស់ថា៖ “ភាគីទាំងពីរយល់ព្រមអនុញ្ញាតឱ្យជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួក គេវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ \n\nនៅចំពោះមុខអាយឆា ឯកឧត្តមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្សធម៌អន្តរជាតិ ការគោរពសិទ្ធិមនុស្ស ការការពារជនស៊ីវិល និងធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។ ការខូចខាត ឬការបំផ្លិចបំផ្លាញវត្ថុស៊ីវិល រួមមានផ្ទះ សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ត្រូវតែទប់ស្កាត់ និងការពារស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។\n\nសូមជម្រាបថា យោងតាមសេចក្តីប្រកាសផ្លូវការរបស់អាយឆា កិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់អាយឆា បានប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ដោយមានកិច្ចប្រជុំជំនួយការអាយឆានៅថ្ងៃទី១៧ ខែកក្កដា មុនកិច្ចប្រជុំនេះ។ កិច្ចប្រជុំត្រូវបានដឹកនាំដោយលោកជំទាវ Georgina Ann Hernandez Yang ប្រធានស្តីទីរបស់អាយឆា និងមានការចូលរួមពីតំណាង/តំណាងរងប្រទេសប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12672","languageVersionId":"5179","visibilityVersion":"2","versionToken":"a1.Hy0laXF9cBR5ieTr16FcOZlvRf5SrF2UOGa11Tb9iwY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-23T04:23:31Z"}