{"asset":"news","key":"7950","locale":"km","id":"news:7950:km","entityId":"news:7950","canonicalUrl":"https://www.kps-tv.com/km/news/detail/7950","state":"ready","title":"មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជាបកអាក្រាតទង្វើឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាប្រាប់អនុប្រធានបេសកកម្មអង់គ្លេស","summary":"តាមសេចក្ដីរាយការណ៍ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបលោកស្រី Abigail Fryer អនុប្រធានបេសកកម្មអង់គ្លេស ថ្ងៃទី២២ ខែកក្កដា ដើម្បីលើកឡើងពីការចោទប្រកាន់ពាក់ព័ន្ធព្រំដែន និងផលប៉ះពាល់សិទ្ធិមនុស្ស។","body":"អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ឯកឧត្តម កែវ សុទ្ធិ បានថ្លែងបកអាក្រាតទង្វើឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ ឯកឧត្តម កែវ សុទ្ធិ ថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Abigail Fryer អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ដោយឯកឧត្តមបញ្ជាក់អំពីសកម្មភាពឈ្លានពានរបស់ប្រទេសថៃ ការបន្តកាន់កាប់ និងការអះអាងថាជារបស់ខ្លួននូវប្រាសាទ និងដែនដីមួយចំនួនរបស់កម្ពុជា ព្រមទាំងបញ្ហាសិទ្ធិមនុស្សដែលកើតឡើងពីការឈ្លានពាននេះ។ \n\nពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងការដាក់ពាក្យបណ្តឹងទៅយន្តការសិទ្ធិមនុស្សអន្តរជាតិ និងតំបន់ចំនួន ៦០ច្បាប់ រួមទាំងការចុះជួយផ្ទាល់ដល់កងទ័ព និងជនភៀសសឹក។ លើសពីនេះ តាមការចាត់តាំងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ.ស.ម.ក. បានដឹកនាំគណៈប្រតិភូអន្តរក្រសួង/ស្ថាប័នទៅបំពេញបេសកកម្មសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីបង្ហាញការពិតពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។\n\nជាការឆ្លើយតប លោកស្រី Abigail Fryer បានថ្លែងអំណរគុណចំពោះព័ត៌មានដ៏មានសារៈសំខាន់ទាំងនេះ និងបានសម្តែងការសោកស្តាយចំពោះផលប៉ះពាល់ផ្សេងៗ ហើយលោកស្រីសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចស្វែងរកដំណោះស្រាយបញ្ហាបានឆាប់រហ័ស និងកសាងបាននូវសន្តិភាពយូរអង្វែង៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12671","languageVersionId":"5176","visibilityVersion":"2","versionToken":"a1.zC1SZUEXzaNaQL0K4CoJonvWola-H1amTO3wMa-5p-s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-23T04:31:56Z"}