# ខេត្តព្រះសីហនុ ជំរុញដំណោះស្រាយគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងកិច្ចប្រជុំត្រីមាសគម្រោងជាតិ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7953>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12668","languageVersionId":"5167","visibilityVersion":"2","versionToken":"a1.r_2cW3vzdSWYM_x9bwtq_XR0KsuW2m9pNXzmchiqNWo"}

Original publication: 2026-07-23T08:23:28Z

មន្ត្រីខេត្តព្រះសីហនុបានចូលរួមកិច្ចប្រជុំគម្រោងគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ និងស្នើវិធានការនិងគម្រោងអាទិភាពសម្រាប់កាត់បន្ថយសំរាម និងកែលម្អការប្រមូល ដឹកជញ្ជូន និងគ្រប់គ្រងសំណល់។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត រួមជាមួយលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំត្រីមាស នៃ«គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ។

 កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានការចូលរួមពីអភិបាលរងខេត្តគោលដៅទាំង៥ អភិបាលក្រុង-ស្រុក ព្រមទាំងតំណាងធនាគារពិភពលោក និងក្រុមហ៊ុន Dohwa តាមប្រព័ន្ធអនឡាញ សរុបប្រមាណ ៥០នាក់។

 កិច្ចប្រជុំមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រចាំត្រីមាស និងបង្ហាញលទ្ធផលការសិក្សាដែលរៀបចំដោយក្រុមហ៊ុន Crisil ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម និងសំណល់រឹងនៅកម្ពុជា។

 ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានលើកឡើងពីស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមដែលបណ្ដាលឱ្យបរិមាណសំរាមក្នុងក្រុងព្រះសីហនុបន្តកើនឡើង ស្របពេលដែលខេត្តកំពុងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងនគរូបនីយកម្ម។ លោកក៏បានស្នើនូវវិធានការ និងគម្រោងអាទិភាពមួយចំនួនរបស់រដ្ឋបាលខេត្ត ដើម្បីកាត់បន្ថយបរិមាណសំរាមនៅតំបន់ទីប្រជុំជន និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រមូល ដឹកជញ្ជូន និងគ្រប់គ្រងសំណល់ប្រកបដោយចីរភាព។

 សូមបញ្ជាក់ថា «គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ គម្រោងនេះមានគោលដៅគាំទ្រ និងបំពេញបន្ថែមដល់ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១–២០៣០) ដោយផ្តោតលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងនៅថ្នាក់មូលដ្ឋាន លើកកម្ពស់គុណភាពសេវាសាធារណៈ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


