{"asset":"news","key":"7954","locale":"km","id":"news:7954:km","entityId":"news:7954","canonicalUrl":"https://www.kps-tv.com/km/news/detail/7954","state":"ready","title":"ការភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតទៅផ្លូវល្បឿនលឿនទីក្រុងហូជីមិញ-ម៉ុកបៃត្រូវបានពិភាក្សាដើម្បីត្រៀមប្រជុំជាមួយភាគីវៀតណាមនាពេលខាងមុខ","summary":"រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានដឹកនាំកិច្ចប្រជុំថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ពិភាក្សាចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ ដើម្បីត្រៀមជួបភាគីវៀតណាម។ ក្រសួងមិនបានបង្ហាញលទ្ធផលលម្អិត។","body":"នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ ដើម្បីកំណត់ទីតាំងតភ្ជាប់ រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់ប្រទេសកម្ពុជា និងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម។\n\nកិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមន្រ្តីអន្តរក្រសួង និងក្រុមហ៊ុនទទួលការសាងសង់ ដើម្បីពិនិត្យពិភាក្សាផ្តល់បច្ចុប្បន្នភាពដល់សមាជិកគណៈកម្មការអន្តរក្រសួងលើចំណុចតភ្ជាប់ ក៏ដូចជាការពិភាក្សាដើម្បីត្រៀមសម្រាប់កិច្ចប្រជុំជាមួយភាគីវៀតណាម នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែក្រសួងមិនបានបង្ហាញលម្អិតអំពីលទ្ធផលនៃកិច្ចប្រជុំនេះឡើយ។\n\nសូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានប្រកាសបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយថវិកាសរុបប្រមាណ ១,៣៥ ពាន់លានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ខណៈតាមផែនការ គម្រោងគ្រោងនឹងបញ្ជប់នៅឆ្នាំ២០២៧។\n\nផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះ តាមការសិក្សាផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេសអត្រាចំណេញខាងផ្នែកសេដ្ឋកិច្ច (EIIR) មានកម្រិតខ្ពស់រហូតដល់ទៅប្រមាណ ២០ ភាគរយ។ ខ្សែផ្លូវនេះក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែមឱ្យផ្លូវអាស៊ានហាយវ៉េលេខ ១ (AH-1) ដែលជួយសម្រួលបន្ទុកចរាចរណ៍ដឹកជញ្ជូនទំនិញរវាងប្រទេសកម្ពុជា ថៃ និងវៀតណាម៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12667","languageVersionId":"5164","visibilityVersion":"2","versionToken":"a1.Ls2XV6wY7mvJJ4P-k9jAZ1cFV5heSGgVdHFDYA-3H7o"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-23T08:45:02Z"}