{"asset":"news","key":"7955","locale":"km","id":"news:7955:km","entityId":"news:7955","canonicalUrl":"https://www.kps-tv.com/km/news/detail/7955","state":"ready","title":"កម្ពុជា ស្វាគមន៍ចំពោះឱកាសសហការជាមួយក្រុមហ៊ុន IMSG របស់អាមេរិក លើវិស័យធនធានទឹក! ","summary":"រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថោ ជេដ្ឋា បានជួបគណៈប្រតិភូក្រុមហ៊ុន IMSG របស់អាមេរិកនៅទីស្ដីការក្រសួង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីស្វាគមន៍ឱកាសសហការលើប្រព័ន្ធធនធានទឹកនិងឧតុនិយមទំនើប ការព្យាករណ៍ ការព្រមានជាមុន និងការកសាងសមត្ថភាព។","body":"(ភ្នំពេញ)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្ដែងនូវការស្វាគមន៍ ចំពោះឱកាសសហការជាមួយក្រុមហ៊ុន IMSG របស់អាម៉េរិក ដើម្បីគាំទ្រចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមទំនើប។ \n\n ឯកឧត្តម ថោ ជេដ្ឋា ថ្លែងបែបនេះក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន I.M. Systems Group (IMSG) អាមេរិក ដឹកនាំដោយលោកស្រី Imelda Martin-Hum ម្ចាស់ក្រុមហ៊ុន និងជានាយកប្រតិបត្តិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។ \n\n ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ថោ ជេដ្ឋា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Imelda Martin-Hum និងសមាជិកទាំងអស់នៃក្រុមហ៊ុន IMSG និងបានជម្រាបជូនគណៈប្រតិភូពីអាទិភាពចម្បងរបស់ក្រសួង ក្នុងការបន្តពង្រឹងសេវាកម្មឧតុនិយម និងជលសាស្ត្រ ការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធព្យាករណ៍អាកាសធាតុជាតិ ដើម្បីផ្ដល់ជូននូវព័ត៌មានអាកាសធាតុដែលអាចទុកចិត្តបាន និងទាន់ពេលវេលា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ គាំទ្រដល់ផលិតកម្មកសិកម្ម កែលម្អការគ្រប់គ្រងធនធានទឹក កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបង្កើនភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។\n\n ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការស្វាគមន៍ចំពោះឱកាសសហការជាមួយក្រុមហ៊ុន IMSG ដើម្បីគាំទ្រចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមទំនើប ដែលធន់នឹងអាកាសធាតុ ដោយផ្តោតលើការពង្រឹងការផ្លាស់ប្តូរឌីជីថល ការកែលម្អការសម្រេចចិត្តដែលផ្អែកលើទិន្នន័យ ការបង្កើនសមត្ថភាពព្យាករណ៍ និងការព្រមានជាមុន និងការកសាងសមត្ថភាពស្ថាប័ន និងបច្ចេកទេសតាមរយៈការផ្ទេរចំណេះដឹង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរអ្នកជំនាញ។\n\n សូមជម្រាបថា ក្រុមហ៊ុន I.M. Systems Group (IMSG) សហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនវិទ្យាសាស្ត្រ និងវិស្វកម្ម ដែលមានជំនាញខាងឧតុនិយមប្រតិបត្តិការ ឧតុនិយមជលសាស្ត្រ ការសង្កេតផែនដី បច្ចេកវិទ្យាភូមិសាស្ត្រ ប្រព័ន្ធព័ត៌មានបរិស្ថាន និងដំណោះស្រាយគាំទ្រការសម្រេចចិត្ត។ ក្រុមហ៊ុន មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគាំទ្រដល់ភ្នាក់ងាររដ្ឋាភិបាលក្នុងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីកែលម្អសេវាកម្មអាកាសធាតុ ការត្រួតពិនិត្យបរិស្ថាន និងភាពធន់នឹងអាកាសធាតុ៕\n\n ដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12680","languageVersionId":"5203","visibilityVersion":"2","versionToken":"a1.H2em-0n0hRMt1tU49v4vzI2S9Rrc-r4CzO72ap20NoU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-23T08:46:23Z"}