{"asset":"news","key":"7975","locale":"km","id":"news:7975:km","entityId":"news:7975","canonicalUrl":"https://www.kps-tv.com/km/news/detail/7975","state":"ready","title":"ដើម្បីឱ្យពិធីមង្គលការខ្មែរកាន់តែមានអត្ថន័យរស់រវើក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ផ្តល់អនុសាសន៍មួយចំនួន! ","summary":"លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចូលរួមបើកពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ និងផ្តល់អនុសាសន៍ស្តីពីការថែរក្សាអត្ថន័យប្រពៃណី ការយល់ដឹងរបស់គូស្រករ និងការប្រើផលិតផលខ្មែរ។","body":"(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ \n\n ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានសម្ដែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យ ជាពិសេសបានធ្វើឱ្យពិព័រណ៍នេះមានទំហំកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវារៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការខ្មែរឱ្យបានកាន់តែជ្រៅជ្រះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏សូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ការណែនាំ គាំទ្រ និងបង្ហាញអំពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ស្របតាមខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ។\n\n លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពន្យល់បញ្ជាក់ថា អាពាហ៍ពិពាហ៍គឺជាពេលវេលាដែលកូនក្រមុំ កូនកំលោះឈានទៅបង្កើតគ្រួសារមួយថ្មីដ៏មានសុភមង្គល ការប្តេជ្ញាក្នុងការកសាងជិវិតគ្រួសារដោយសេចក្តីស្រឡាញ់ ភក្តីភាព ទំនួលខុសត្រូវ និងភាពសុខុដុមរមនា ជាពេលដែលញាតិមិត្តបានដឹងឮ ហើយក៏ជាពេលរំលឹកដល់មេបា ដូនតា ចាស់ទុំ គុណបំណាច់អ្នកជំនាន់មុន ដែលបានបន្សល់ទុកដល់យើង។\n\n លោកជំទាវបណ្ឌិត ក៏បានរំលឹកផងដែរអំពីការតុបតែង និងការស្លៀកពាក់នៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរនាសម័យមុន ហើយធៀបនឹងសម័យបច្ចុប្បន្ននេះគឺមានភាពខុសគ្នា ព្រោះការវិវត្តនៃសង្គមនាំឱ្យមានការច្នៃប្រឌិតច្រើន ប៉ុន្តែរាល់ការច្នៃប្រឌិតគឺត្រូវមានឫសគល់ រាល់ការធ្វើទំនើបកម្មមិនត្រូវភ្លេចអត្តសញ្ញាណដើមបានឡើយ ហើយការកែច្នៃគឺមិនគួរក្លាយជាការកែបោះចោលអត្ថន័យដើមទេ។\n\n ដើម្បីឱ្យពិធីមង្គលការខ្មែរកាន់តែមានអត្ថន័យរស់រវើក លោកជំទាវបណ្ឌិត ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖\n ១.ក្រសួងស្ថាប័នដែលពាក់ព័ន្ធ សូមបន្តការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយចំណេះដឹងអំពីអាពាហ៍ពិពាហ៍ខ្មែរឱ្យបានកាន់តែទូលំទូលាយ ច្បាស់លាស់ និងងាយយល់ ជាពិសេសសម្រាប់យុវជន យុវនារី និងអ្នកដែលផ្តល់សេវារៀបចំមង្គលការ។\n\n ២.អ្នកដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងមង្គលការទាំងអស់ សូមបន្តច្នៃប្រឌិតដោយមានការគោរពចំពោះទម្រង់ដើម។ សូមប្រើភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យប្រពៃណីខ្មែររបស់យើងកាន់តែស្រស់ស្អាត ប៉ុន្តែមិនមែនធ្វើឱ្យអត្ថន័យដើមបាត់បង់នោះទេ។\n\n ៣.យុវជន យុវនារី និងគូស្រករថ្មី សូមសិក្សាស្វែងយល់អំពីអត្ថន័យនៃកិច្ច ឬ ពិធីសំខាន់ៗ មុននឹងរៀបចំពិធីមង្គលការរបស់ខ្លួន។ ការយល់ដឹងនេះ នឹងធ្វើឱ្យថ្ងៃមង្គលការមានអត្ថន័យកាន់តែជ្រាលជ្រៅ ពោលគឺមិនមែនសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឪពុកម្តាយ គ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ។\n\n ៤.សូមលើកទឹកចិត្តចំពោះការបន្តប្រើប្រាស់ផលិតផលខ្មែរ ផ្កាខ្មែរ ផ្លែឈើខ្មែរ សិប្បកម្មខ្មែរ និងស្នាដៃរបស់អ្នកជំនាញខ្មែរ ក្នុងការរៀបចំមង្គលការ។ ការធ្វើបែបនេះគឺមិនត្រឹមតែជួយលើកស្ទួយវប្បធម៌របស់យើងនោះទេ ប៉ុន្តែក៏ជួយដល់សេដ្ឋកិច្ច ជួយដល់សហគ្រិនខ្មែរ សិប្បករខ្មែរ និងអ្នកប្រកបអាជីវកម្មតូច មធ្យមផងដែរ។\n\n ៥.ក្រុមហ៊ុនរៀបចំពិព័រណ៍ និងបណ្តាដៃគូទាំងអស់ សូមបន្តធ្វើឱ្យពិព័រណ៍នេះក្លាយជាវេទិកាមួយដែលមិនមែនត្រឹមតែជាការបង្ហាញផលិតផលនិងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក្លាយទៅជាវេទិកាមួយសម្រាប់ការរៀនសូត្រ ការផ្សព្វផ្សាយ និងការបន្តរួបរួមគ្នាអភិរក្សដង្ហើមនៃប្រពៃណីពិព័រណ៍អាពាហ៍ពិពាហ៍ខ្មែរយើង។\n\n សូមជម្រាបថា នេះជាលើកទី៣ហើយ ដែលពិព័រណ៍អាពាហ៍ពិពាហ៍ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ការរៀបអាពាហ៍ពិពាហ៍ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យស្គាល់អំពីអត្តសញ្ញាណ អរិយធម៌ លក្ខណៈ រចនាបថខ្មែរ។ ស្របទៅនឹងគោលនយោបាយប្រជាជនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិព័រណ៍នេះក៏មានគោលបំណងលើកកម្ពស់តម្លៃគ្រួសារ លើកទឹកចិត្តដល់គូស្រករថ្មីបង្កើតគ្រួសារស្របតាមច្បាប់ទម្លាប់ប្រពៃណីខ្មែរ ការបន្តពូជពង្សវង្សត្រកូលខ្មែរ ដើម្បីរក្សាតុល្យភាពរវាងរចនាសម្ព័ន្ធប្រជាជន និងធានាធនធានមនុស្សកម្ពុជាឱ្យសម្បូរបែបក្នុងនាមជាកម្លាំងចលករអភិវឌ្ឍជាតិ៕\n\n ដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12656","languageVersionId":"5131","visibilityVersion":"2","versionToken":"a1.vXGtz8_z-J6ykNdMfv-MloKcY4PiTa1wlPG_M8u-P5k"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-24T06:24:41Z"}