# ការដ្ឋានខុសច្បាប់២ទីតាំងត្រូវបានអាជ្ញាធរក្រុងដូនកែវចុះផ្អាកនិងឱ្យទៅសុំច្បាប់សាងសង់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7976>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12655","languageVersionId":"5128","visibilityVersion":"2","versionToken":"a1.8qjxwqZ3VxVD_ikJitUZNTUxPmZAeuhZZ2uogMswyzo"}

Original publication: 2026-07-24T06:33:03Z

រដ្ឋបាលក្រុងដូនកែវបានផ្អាកការសាងសង់ និងដកហូតសម្ភារនៅការដ្ឋានខុសច្បាប់២ទីតាំង កាលពីថ្ងៃទី២៣ ខែកក្កដា។ អាជ្ញាធរអំពាវនាវឱ្យសុំលិខិតអនុញ្ញាតមុនសាងសង់ និងបញ្ជាក់ថានឹងបន្តត្រួតពិនិត្យ។

កម្លាំងចម្រុះរបស់រដ្ឋបាលក្រុងដូនកែវ បានចុះអនុវត្តវិធានការផ្លូវច្បាប់ដោយផ្អាកសកម្មភាពសាងសង់ និងដកហូតសម្ភារសំណង់នៅការដ្ឋានសំណង់ខុសច្បាប់ចំនួន២ទីតាំង ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង និងភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

 ក្រោយពីចុះផ្អាកទីតាំងការដ្ឋានខាងលើ អាជ្ញាធរក្រុងបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋាន និងក្រុមហ៊ុនសាងសង់ទាំងអស់ ឱ្យរៀបចំឯកសារ និងស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុន មុននឹងចាប់ផ្តើមសាងសង់សំណង់គ្រប់ប្រភេទ ដើម្បីជៀសវាងការប្រឈមនឹងវិធានការផ្លូវច្បាប់។

 ជុំវិញនឹងករណីនេះ លោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ បានចាត់តាំងលោក សោ សុផល អភិបាលរងក្រុង ដឹកនាំកម្លាំងចម្រុះ រួមមានមន្ត្រីជំនាញរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល កងកម្លាំងនគរបាល និងក្រុមការងារសម្របសម្រួលសណ្តាប់ធ្នាប់ក្រុង ចុះអនុវត្តវិធានការនៅការដ្ឋានសំណង់ខុសច្បាប់ចំនួន២ទីតាំងខាងលើ។ ក្នុងប្រតិបត្តិការនេះ លោក សោ សុផល បានបញ្ជាក់ថា រដ្ឋបាលក្រុងដូនកែវ មិនរារាំងការអភិវឌ្ឍ ឬការសាងសង់របស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែការសាងសង់គ្រប់ប្រភេទ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងមានលិខិតអនុញ្ញាតត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព គុណភាពសំណង់ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងជៀសវាងការប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់អ្នកជិតខាង។

 រដ្ឋបាលក្រុងដូនកែវ អះអាងថា ក្រុមការងារជំនាញនឹងបន្តចុះត្រួតពិនិត្យការដ្ឋានសាងសង់ទាំងអស់ក្នុងដែនសមត្ថកិច្ចជាប្រចាំ ហើយនឹងអនុវត្តវិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះការដ្ឋានណាដែលបន្តសាងសង់ដោយគ្មានលិខិតអនុញ្ញាត ដើម្បីធានាឱ្យការអភិវឌ្ឍក្រុងដូនកែវប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ សុវត្ថិភាព និងស្របតាមច្បាប់៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


