{"asset":"news","key":"7993","locale":"km","id":"news:7993:km","entityId":"news:7993","canonicalUrl":"https://www.kps-tv.com/km/news/detail/7993","state":"ready","title":"ក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែងនៅកំពត ល្មើសច្បាប់ បង្ហូរសំណល់ និងបង្កក្លិនស្អុយប៉ះពាល់ពលរដ្ឋរស់នៅ","summary":"តាមសេចក្ដីរាយការណ៍ មន្ត្រីបានចុះពិនិត្យកសិដ្ឋានជ្រូកពីរកន្លែងនៅកំពត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ និងរកឃើញបញ្ហាសំណល់ ក្លិនស្អុយ និងរបាយការណ៍បរិស្ថាន ហើយតម្រូវឱ្យកែសម្រួល និងទទួលខុសត្រូវសំណងតាមច្បាប់។","body":"កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តកំពត បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ២កន្លែង ស្ថិតក្នុងឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត ក្រោយទទួលបានព័ត៌មានថា កសិដ្ឋានទាំងនេះបានបង្កក្លិនស្អុយ និងបង្ហូរសំណល់កខ្វក់ ប៉ះពាល់ដល់ដីស្រែ និងការរស់នៅរបស់ប្រជាពលរដ្ឋ។\n\nជាលទ្ធផលនៃការចុះពិនិត្យ មន្ត្រីជំនាញបានរកឃើញថា កសិដ្ឋានចិញ្ចឹមជ្រូក ហែម ម៉ាច បានបង្ហូរសំណល់រាវចេញពីស្រះស្តុកចូលដីស្រែរបស់ប្រជាពលរដ្ឋ បង្កឱ្យមានក្លិនស្អុយរំខានដល់អ្នករស់នៅក្បែរនោះ ព្រមទាំងដំណើរការអាជីវកម្មដោយមិនបានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងតាមច្បាប់។\n\nចំណែក កសិដ្ឋានចិញ្ចឹមជ្រូក អ៊ុត ប៊ុនហេង ក៏ត្រូវបានរកឃើញថា បង្កក្លិនស្អុយភាយចេញពីរោងចិញ្ចឹមជ្រូក និងដំណើរការអាជីវកម្មដោយពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងដូចគ្នា។\n\nបន្ទាប់ពីការត្រួតពិនិត្យ ក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានចេញវិធានការតម្រូវឱ្យកសិដ្ឋានទាំងពីរ បិទភ្ជាប់ចំណុចប្រសព្វជាមួយប្រឡាយសាធារណៈជាបន្ទាន់ សម្អាតរោងចិញ្ចឹមជ្រូក និងអនុវត្តវិធានការកាត់បន្ថយក្លិនស្អុយឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ កសិដ្ឋានទាំងពីរត្រូវរៀបចំ និងដាក់ជូនក្រសួងបរិស្ថាននូវរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីពិនិត្យ និងផ្តល់យោបល់តាមនីតិវិធី។\n\nក្រសួងបរិស្ថានបានបញ្ជាក់ថា ការដំណើរការអាជីវកម្មដោយគ្មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺជាការល្មើសនឹងមាត្រា ៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ដោយឡែក ការបញ្ចេញសំណល់រាវចូលដីស្រែប្រជាពលរដ្ឋ គឺល្មើសនឹងមាត្រា ១៥៦ និងការបង្កក្លិនស្អុយ ល្មើសនឹងមាត្រា ១៦១ នៃក្រមដដែល។\n\nជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានតម្រូវឱ្យម្ចាស់កសិដ្ឋានទាំងពីរ ទទួលខុសត្រូវផ្តល់សំណងចំពោះផលប៉ះពាល់ និងការខូចខាតបរិស្ថានដែលបានបង្កឡើង ស្របតាមច្បាប់ជាធរមាន៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12643","languageVersionId":"5092","visibilityVersion":"2","versionToken":"a1.14nnDEOrK50VZPElUBwAEJyyoDgLoZfo9OAioQuqa6U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-25T07:36:50Z"}