{"asset":"news","key":"8004","locale":"km","id":"news:8004:km","entityId":"news:8004","canonicalUrl":"https://www.kps-tv.com/km/news/detail/8004","state":"ready","title":"រដ្ឋមន្រ្តីពាណិជ្ជកម្មប្រាប់ Bloomberg ថាកម្ពុជាកំពុងចរចាសម្រួលពាណិជ្ជកម្មនិងនីតិវិធីគយជាមួយអាម៉េរិកដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច","summary":"រដ្ឋមន្ត្រីពាណិជ្ជកម្ម ចម និម្មល បានប្រាប់ Bloomberg ថា កម្ពុជាកំពុងពិភាក្សាជាមួយអាម៉េរិកអំពីការសម្រួលពាណិជ្ជកម្ម នីតិវិធីគយ និងកូតា ដើម្បីត្រៀមចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។","body":"លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យសារព័ត៌មាន Bloomberg ដឹងថា កម្ពុជា កំពុងពិភាក្សាជាមួយសហរដ្ឋអាម៉េរិក លើការសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ ដើម្បីត្រៀមខ្លួនសម្រាប់ការចាកចេញ ពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ។\n\n តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា៖ «កម្ពុជាកំពុងរង់ចាំសេចក្តីសម្រេចពាក់ព័ន្ធនឹងមាត្រា ១២២ និង ៣០១ ស្តីពីសមត្ថភាពលើសតម្រូវការ វាគឺជាលទ្ធផលនៃកិច្ចពិភាក្សាដែលកម្ពុជា បានធ្វើជាបន្តបន្ទាប់ជាមួយសហរដ្ឋអាម៉េរិក អំពីសមត្ថភាពពាណិជ្ជកម្មរបស់យើង។ ចំពោះបញ្ហាពលកម្មដោយបង្ខំ កម្ពុជា បានចាត់វិធានការបន្ថែម ដោយមានក្រសួងជាក់លាក់ចំនួនបីចូលរួមអនុវត្ត។ វិធានការទាំងនេះបង្ហាញយ៉ាងច្បាស់ថា កម្ពុជា យកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ទំនិញ ដែលផលិតដោយប្រើពលកម្មដោយបង្ខំ មិនឱ្យនាំចូលមកក្នុងប្រទេស។ ដូច្នេះ យើងដឹងថា កម្ពុជាមានលទ្ធភាពរក្សាអត្រាពន្ធឱ្យនៅក្រោម ១៩%»។\n\n ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានអះអាងថា កម្ពុជាក៏កំពុងចរចាជាមួយសហរដ្ឋអាម៉េរិក អំពីប្រព័ន្ធកូតាផងដែរ រួមជាមួយដៃគូពាណិជ្ជកម្មមួយចំនួនទៀត ដូចជា បង់ក្លាដែស ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ប្រព័ន្ធនេះផ្តោតជាពិសេសលើការនាំចូលវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរពីសហរដ្ឋអាម៉េរិកមកកែច្នៃនៅកម្ពុជា ហើយបន្ទាប់មកនាំចូលត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញ ដោយមិនជាប់កូតា និងមិនជាប់ពន្ធ។\n\n បើតាមលោកជំទាវ ចម និម្មល «ប្រសិនបើយើងពិនិត្យជាក់លាក់លើចិន និងសហរដ្ឋអាម៉េរិក ដែលជាទីផ្សារនាំចូល និងនាំចេញធំបំផុតរបស់កម្ពុជា យើងឃើញថា ប្រទេសទាំងពីរ មានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក។ ដូច្នេះ ផលប្រយោជន៍របស់ភាគីមួយ នឹងមិនរំលោភលើផលប្រយោជន៍របស់ភាគីមួយទៀតឡើយ»។\n\n ឆ្លើយតបទៅនឹងបញ្ហាប្រឈមរយៈពេលខ្លីចំពោះការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩របស់កម្ពុជា ត្រូវបានលោកជំទាវ ចម និម្មល អះអាងថា ការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច មិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែវាគឺជាចំណុចសំខាន់មួយនៅក្នុងដំណើរអភិវឌ្ឍន៍។ សម្រាប់កម្ពុជា វាបានបង្ហាញពីលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងគោលនយោបាយដ៏ត្រឹមត្រូវ ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវចំណុចសំខាន់នេះ។ ដំណាក់កាលបន្ទាប់នៃកំណើនរបស់កម្ពុជា គឺការពង្រឹងសមត្ថភាពក្នុងស្រុក និងការបង្កើនភាពប្រកួតប្រជែង ដើម្បីធ្វើសមាហរណកម្ម ជាមួយសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែស៊ីជម្រៅ៕ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12638","languageVersionId":"5077","visibilityVersion":"2","versionToken":"a1.3gdYWm8B9OBvqIKeCAUYhSts0rpyLzimsRqjoI9R_PE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-26T06:23:13Z"}