{"asset":"news","key":"8014","locale":"km","id":"news:8014:km","entityId":"news:8014","canonicalUrl":"https://www.kps-tv.com/km/news/detail/8014","state":"ready","title":"ឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹង AK-47 មួយដើមក្រោយលួចចូលបរបាញ់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិស្រែពក","summary":"មន្ត្រីឧទ្យាននុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ចុះល្បាតនិងបង្ក្រាបបានករណីបទល្មើសធនធានធម្មជាតិ និងអាវុធខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់រួមទាំងដកហូតបានអាវុធ AK-47 ស្វ័យបត់ ១ដើម គ្រាប់និងមធ្យោបាយធ្វើដំណើរមួយចំនួន នៅចំណុចអូរអង្ហែង ស្ថិតក្នុងភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។","body":"មន្ត្រីឧទ្យាននុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ចុះល្បាតនិងបង្ក្រាបបានករណីបទល្មើសធនធានធម្មជាតិ និងអាវុធខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់រួមទាំងដកហូតបានអាវុធ AK-47 ស្វ័យបត់ ១ដើម គ្រាប់និងមធ្យោបាយធ្វើដំណើរមួយចំនួន នៅចំណុចអូរអង្ហែង ស្ថិតក្នុងភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។\n\n ជុំវិញករណីនេះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថា សកម្មភាពកាន់កាប់អាវុធខុសច្បាប់ និងការចូលលួចបរបាញ់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិបែបនេះ គឺជាអំពើល្មើសយ៉ាងធ្ងន់ធ្ងរ ផ្ទុយពីបទប្បញ្ញត្តិនៃ «ក្រមបរិស្ថាន និងធនធានធម្មជាតិ»។ \n\n លោកប្រធានមន្ទីរ បានបញ្ជាក់ថា បច្ចុប្បន្នមន្ត្រីឧទ្យាននុរក្សបាននាំយកជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាងទាំងអស់ មកកាន់មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។\n\n ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរ បានបន្តអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅជុំវិញ និងក្នុងតំបន់ការពារធម្មជាតិ សូមបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពបរបាញ់ កាប់រាន និងការដាក់អន្ទាក់ចាប់សត្វព្រៃខុសច្បាប់។ \n\n បើតាមលោក ហាស់ វិបុល សត្វព្រៃនិងព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃ និងជាសរសៃឈាមនៃប្រព័ន្ធអេកូឡូស៊ីក្នុងខេត្តមណ្ឌលគីរី។ ការចូលរួមថែរក្សា អភិរក្ស និងរាយការណ៍អំពីបទល្មើស គឺជាកាតព្វកិច្ចរបស់អ្នកទាំងអស់គ្នា ដើម្បីធានាថាធនធានធម្មជាតិទាំងនេះ នឹងត្រូវរក្សាបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12628","languageVersionId":"5049","visibilityVersion":"2","versionToken":"a1.tx3tzwvsB3fy_tsdJofRlHtHCMnHUQpw76uCRB9a9HM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-27T02:00:14Z"}