# ដំណឹងល្អសម្រាប់ការអភិរក្ស! ប្រទះឃើញសម្បុកសត្វក្រៀលដ៏កម្រ ៣សម្បុក នៅដែនជម្រកសត្វព្រៃលំផាត់ នាដើមរដូវបន្តពូជ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8022>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12623","languageVersionId":"5034","visibilityVersion":"2","versionToken":"a1.-h0E1B-Vjw3_RPgaDObB951GuyPtMNuZWvd7_MllxHw"}

Original publication: 2026-07-27T04:25:39Z

ដំណឹងដ៏រីករាយមួយសម្រាប់វិស័យអភិរក្សជីវៈចម្រុះនៅកម្ពុជា ខណៈក្រុមអ្នកអភិរក្សសត្វព្រៃបានប្រទះឃើញ សម្បុកសត្វក្រៀល (Sarus Crane) ចំនួន ៣សម្បុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី គិតត្រឹមខែកក្កដា ឆ្នាំ២០២៦។ ការរកឃើញនេះ បង្ហាញពីសញ្ញាវិជ្ជមាននៃការបន្តពូជរបស់សត្វក្រៀល ខណៈរដូវបន្តពូជនឹងបន្តរហូតដល់ខែតុលា ហើយក្រុមមន្ត្រីអភិរក្សក៏សង្ឃឹមថា នឹងមានការរកឃើញសម្បុកថ្មីៗបន្ថែមទៀតក្នុងពេលខាងមុខ។

 ដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានចាត់ទុកជាជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វក្រៀល ដោយផ្តល់ទាំងប្រភពអាហារ ទឹក និងបរិយាកាសដែលមានសុវត្ថិភាពសម្រាប់ការបង្កាត់ពូជ។ សត្វក្រៀល (Sarus Crane) គឺជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេក្នុងចំណោមសត្វស្លាបដែលអាចហោះហើរបាន ហើយកំពុងស្ថិតក្រោមការគំរាមកំហែង និងប្រឈមនឹងការផុតពូជនៅលើពិភពលោក។

 ចាប់ពីខែមិថុនា ដល់ខែកក្កដា ដែលជាដើមរដូវវស្សា ក្រុមមន្ត្រីសិក្សាជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន បានចុះអង្កេត និងសិក្សាជាបន្តបន្ទាប់។ ទោះបីជាត្រូវប្រឈមនឹងការលំបាកជាច្រើន ដូចជាការដើរកាត់ភ្លៀង ឆ្លងអូរ សែងម៉ូតូ និងធ្វើដំណើរឆ្លងកាត់ផ្លូវភក់ល្បាប់ក៏ដោយ ក្រុមការងារនៅតែបន្តបេសកកម្មដោយការប្តេជ្ញាចិត្តខ្ពស់ ដើម្បីការពារ និងតាមដានការបន្តពូជរបស់សត្វក្រៀលដ៏កម្រនេះ។

 ការរកឃើញសម្បុកទាំង ៣នេះ គឺជាសញ្ញាបង្ហាញថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរ អង្គការដៃគូ និងសហគមន៍មូលដ្ឋាន កំពុងទទួលបានលទ្ធផលជាវិជ្ជមានក្នុងការអភិរក្សសត្វព្រៃ និងការពារប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ ជោគជ័យនេះក៏ជាក្តីសង្ឃឹមថ្មីមួយសម្រាប់ការរស់រានមានជីវិត និងការកើនឡើងនៃចំនួនសត្វក្រៀល ដែលជាបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References