{"asset":"news","key":"8053","locale":"km","id":"news:8053:km","entityId":"news:8053","canonicalUrl":"https://www.kps-tv.com/km/news/detail/8053","state":"ready","title":"រដ្ឋមន្រ្តីធនធានទឹកប្រាប់ក្រុមហ៊ុន VAISALA ថាកម្ពុជាប្តេជ្ញាពង្រឹងការព្យាករអាកាសធាតុនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ","summary":"ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់ក្រុមហ៊ុន Vaisala ទទួលបន្ទុកផ្នែកអាកាសធាតុ ថាមពលនិងបរិស្ថានពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មសេវាឧតុនិយម និងជលសាស្ត្ររបស់ខ្លួន ដើម្បីពង្រឹងការព្យាករអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានទឹក និងភាពធន់នៃអាកាសធាតុ។ ការថ្លែងបញ្ជាក់ពីការប្តេជ្ញាចិត្តបែបនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Vaisala ក្នុងទីក្រុងហែលស៊ិនគី នៅសាធារណរដ្ឋហ្វាំងឡង់ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ។","body":"ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់ក្រុមហ៊ុន Vaisala ទទួលបន្ទុកផ្នែកអាកាសធាតុ ថាមពលនិងបរិស្ថានពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មសេវាឧតុនិយម និងជលសាស្ត្ររបស់ខ្លួន ដើម្បីពង្រឹងការព្យាករអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានទឹក និងភាពធន់នៃអាកាសធាតុ។\n\n ការថ្លែងបញ្ជាក់ពីការប្តេជ្ញាចិត្តបែបនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Vaisala ក្នុងទីក្រុងហែលស៊ិនគី នៅសាធារណរដ្ឋហ្វាំងឡង់ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ។\n\n ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Panu Partanen អនុប្រធានក្រុមហ៊ុន Vaisala ទទួលបន្ទុកផ្នែកអាកាសធាតុ ថាមពលនិងបរិស្ថាន ដើម្បីស្វែងយល់ពីបច្ចេកវិទ្យានិងបទពិសោធន៍ក្នុងការផលិតប្រព័ន្ធរ៉ាដា និងធ្វើទស្សនកិច្ចនៅរោងចក្រដំឡើងឧបករណ៍ជលសាស្ត្រ-ឧតុនិយម និងរ៉ាដារបស់ក្រុមហ៊ុន។\n\n ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះផ្តល់នូវឱកាសដ៏ល្អមួយដើម្បីស្វែងយល់កាន់តែច្បាស់អំពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន Vaisala ស្តង់ដារផលិតកម្ម ការធានាគុណភាព និងការគាំទ្រប្រតិបត្តិការរយៈពេលវែង។ ជាពិសេស ការរៀនសូត្រពីបទពិសោធន៍អន្តរជាតិ និងរបៀបដែលបច្ចេកវិទ្យារបស់ក្រុមហ៊ុនអាចរួមចំណែកដល់ការពង្រឹងសេវាឧតុនិយមជាតិ។\n\n ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនចូលរួមក្នុងគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍នាពេលខាងមុខ តាមរយៈដំណើរការផ្គត់ផ្គង់ដែលមានតម្លាភាព និងប្រកួតប្រជែង ហើយដែលនឹងរួមបញ្ចូលផងដែរនូវការចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការគាំទ្របច្ចេកទេសរយៈពេលវែង ដែលមានសារៈសំខាន់សម្រាប់ការពង្រឹងសមត្ថភាពស្ថាប័នរបស់ប្រទេសកម្ពុជា និងធានាបាននូវនិរន្តរភាពនៃការវិនិយោគ។ \n\n សូមបញ្ជាក់ថា ក្រុមហ៊ុន Vaisala បានបង្កើតឡើងក្នុងឆ្នាំ១៩៣៦ មានបុគ្គលិកសរុបជាង ១៩០០នាក់ និងមានការិយាល័យជាង ៣០ នៅជុំវិញពិភពលោក។ នៅប្រទេសកម្ពុជា ក្រុមហ៊ុន បានដំឡើង Doppler Rada កម្រិត X-band ដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគាំទ្រដល់សេវាកម្មអាកាសចរណ៍៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12582","languageVersionId":"4930","visibilityVersion":"2","versionToken":"a1.i5InxmRllWGg7sggTXlc8-XqRbIXZl2cFndPywTuDnc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-28T07:36:57Z"}