{"asset":"news","key":"9036","locale":"km","id":"news:9036:km","entityId":"news:9036","canonicalUrl":"https://www.kps-tv.com/km/news/detail/9036","state":"ready","title":"កម្ពុជាបញ្ជូនមន្ត្រីជំនាញ១៣រូប ទៅសិក្សាពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើបនៅជប៉ុន","summary":"មន្ត្រីជំនាញកម្ពុជា១៣រូប បានសិក្សាពីកំពង់ផែ និងភស្តុភារកម្មនៅជប៉ុន ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីគាំទ្រផែនការមេកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៥០។","body":"កម្ពុជាកំពុងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែទំនើប តាមរយៈការបញ្ជូនមន្ត្រីជំនាញអន្តរក្រសួង-ស្ថាប័នចំនួន ១៣រូប ដឹកនាំសម្របសម្រួលដោយក្រសួងសាធារណការ និងដឹកជញ្ជូន ទៅដកស្រង់បទពិសោធន៍ផ្ទាល់នៅប្រទេសជប៉ុន រយៈពេល ១១ថ្ងៃ (ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦)។ បេសកកម្មរួមគ្នានេះ មានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន កំពង់ផែស្វយ័តក្រុងព្រះសីហនុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមក្របខណ្ឌគម្រោងរៀបចំផែនការមេ ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែស្នូលប្រចាំតំបន់ ដោយកំណត់ចក្ខុវិស័យវែងឆ្ងាយរហូតដល់ឆ្នាំ២០៥០។\n\nក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិភូកម្ពុជាបានចុះពិនិត្យ និងសិក្សាពីប្រព័ន្ធគ្រប់គ្រងជាក់ស្តែងនៅបណ្តាកំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មលំដាប់ពិភពលោករបស់ជប៉ុន ដូចជា Yokohama, Tokyo, Hakata, Nagoya និង Shimizu។ ចំណុចគន្លឹះដែលក្រុមការងារបានក្រេបជញ្ជក់រួមមាន ការរៀបចំផែនការអភិវឌ្ឍកំពង់ផែអព្យាក្រឹតកាបូន (Carbon Neutral Port) ការធ្វើទំនើបកម្មប្រតិបត្តិការដឹកជញ្ជូនតាមបច្ចេកវិទ្យាឌីជីថល ព្រមទាំងការគ្រប់គ្រងឃ្លាំងស្តុក និងខ្សែច្រវាក់ត្រជាក់ (Cold Chain Logistics) ប្រកបដោយស្តង់ដារខ្ពស់។\n\nចំណេះដឹង និងបច្ចេកវិទ្យាទំនើបៗដែលទទួលបានពីដៃគូជប៉ុន នឹងត្រូវយកមកកែច្នៃ និងអនុវត្តឱ្យត្រូវទៅនឹងបរិបទជាក់ស្តែងនៅកម្ពុជា សំដៅធានាឱ្យផែនការមេថ្មីនេះដំណើរការប្រកបដោយប្រសិទ្ធភាព ចីរភាព និងមានភាពប្រកួតប្រជែងខ្ពស់។ នេះមិនត្រឹមតែជាការលើកកម្ពស់សមត្ថភាពកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជាឱ្យស្មើមុខស្មើមាត់ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងគាំទ្រដល់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យ៉ាងរឹងមាំផងដែរ។ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11211","languageVersionId":"3241","visibilityVersion":"5","versionToken":"a1.QMgYSbPVaALyiIJEugGCelZT4EoYUxYq0P00uvwdM2k"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-19T10:24:00Z"}