{"asset":"news","key":"9049","locale":"km","id":"news:9049:km","entityId":"news:9049","canonicalUrl":"https://www.kps-tv.com/km/news/detail/9049","state":"ready","title":"សម្តេច ម៉ែន សំអន៖ «ការដាំនិងការពារព្រៃឈើ ជាការជួយខ្លួនឯង និងជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»","summary":"សម្តេច ម៉ែន សំអន បានដឹកនាំការដាំកូនឈើ២២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើ១៦០០០ដើម ជូនក្រុង-ស្រុកទាំង៨ នៃខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។","body":"នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើចំនួន ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ព្រមទាំងបានចែកកូនឈើចំនួន ១៦.០០០ដើម បន្ថែមទៀតជូនដល់ក្រុង-ស្រុកទាំង៨ ទូទាំងខេត្តស្វាយរៀង។\nឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងរដ្ឋ និងឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ឧស្សាហកម្ម និងការវិនិយោគ ឱ្យដើរទន្ទឹមគ្នាជាមួយការការពារបរិស្ថានប្រកបដោយចីរភាព ដោយមិនអាចបោះបង់ផ្នែកណាមួយចោលឡើយ។\nក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗនៃជាតិ រួមមាន សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះអង្គពិធី និងប្រជាពលរដ្ឋទូទាំងប្រទេស។\nទន្ទឹមនឹងការថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសឈីលូ សម្តេចបានសង្កត់ធ្ងន់ថា៖ «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ផ្តល់សុវត្ថិភាពពីគ្រោះធម្មជាតិ និងជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»។ សកម្មភាពនេះមិនត្រឹមតែជួយបង្កើនគម្របបៃតងក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំផុសចលនាជាតិដ៏សំខាន់ក្នុងការស្តារ អភិរក្ស និងលើកស្ទួយសម្បត្តិធម្មជាតិឱ្យគង់វង្សយូរអង្វែង៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11195","languageVersionId":"3176","visibilityVersion":"5","versionToken":"a1.X4XTx-9-KRsj_HlMCaT-HMkjxlQkh7WM-k3iJvMdMPc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-20T07:05:11Z"}