# ពលរដ្ឋជាង ១ម៉ឺនគ្រួសាររួចខ្លួន! ក្រោយវិបត្តិបុរីក្ស័យធនត្រូវបានដោះស្រាយ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9059>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11168","languageVersionId":"3143","visibilityVersion":"6","versionToken":"a1.dKj77KABrzy3s0MfUD2MpH0OYLylgl7Q_QywV4-c-mk"}

Original publication: 2026-09-21T03:24:33Z

មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បញ្ជាក់ថា បានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធគម្រោងចំនួន៤៨ ស្មើនឹងជាង១ម៉ឺនគ្រួសារ និងជួយដល់ការចុះបញ្ជីដីធ្លី និងចែកបណ្ណកម្មសិទ្ធិនៅខេត្តកំពង់ស្ពឺ និងរតនគិរី។

ចំពេលដែលវិបត្តិអចលនទ្រព្យបានរុញច្រានគម្រោងជាច្រើនឱ្យធ្លាក់ចូលក្នុងភាពក្ស័យធន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានចេញមុខយ៉ាងសកម្មក្នុងការជួយអន្តរាគមន៍ និងសម្របសម្រួលដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋបានចំនួន ៤៨គម្រោង ស្មើនឹងជាង ១ម៉ឺនគ្រួសារ។ ក្រៅពីការបញ្ចប់ជម្លោះ មន្ត្រីជំនាញក៏បានចុះបោះបង្គោលកំណត់ព្រំដីឡូត៍ជូនម្ចាស់ក្បាលដីផ្ទាល់ដៃយ៉ាងរលូន ព្រមទាំងបានដោះស្រាយបញ្ចប់បញ្ហាទំនាស់ដីធ្លី និងសំណង់តាមរយៈការអន្តរាគមន៍នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរហូតដល់ ៦៧៨ករណី។

 ទន្ទឹមនឹងសមិទ្ធផលក្នុងរាជធានី លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានគូសបញ្ជាក់បន្ថែមថា ក្រុមការងារជំនាញក៏បានលាតសន្ធឹងកិច្ចសហការចុះជួយដល់បណ្តាខេត្តផ្សេងៗទៀតផងដែរ។ ក្នុងនោះ មន្ទីរបានចូលរួមរៀបចំការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅខេត្តកំពង់ស្ពឺបានជាង ២៧ម៉ឺនក្បាលដី និងនៅខេត្តរតនគិរីបានជាង ៣ម៉ឺនក្បាលដី ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់អចលនទ្រព្យជូនប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។

 ដោយឡែក ឆ្លើយតបទៅនឹងក្តីកង្វល់របស់មហាជនចំពោះគម្រោងល្បីៗមួយចំនួនទៀត លោកប្រធានមន្ទីរបានបញ្ជាក់យ៉ាងច្បាស់ថា ករណីគម្រោង បុរី ម៉ន ដានី (គម្រោង២៩ ខេត្តកំពង់ស្ពឺ), បុរី ឡេង ណាវ៉ាត្រា (ខេត្តកណ្តាល) ព្រមទាំង បុរីពិភពដីមាស និង ក្រុមហ៊ុន ជា សារ៉ន (ខេត្តកំពត) គឺស្ថិតនៅក្រោមដែនសមត្ថកិច្ច និងការទទួលខុសត្រូវដោះស្រាយរបស់អាជ្ញាធរខេត្តសាមីរៀងៗខ្លួន៕ ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


