{"asset":"news","key":"9092","locale":"km","id":"news:9092:km","entityId":"news:9092","canonicalUrl":"https://www.kps-tv.com/km/news/detail/9092","state":"ready","title":"កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត","summary":"សម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញបើកសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅភ្នំពេញ ដោយមានតំណាងជាង២០ប្រទេសចូលរួម។","body":"ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើក «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (២៣-២៤ កញ្ញា) នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការលុបបំបាត់បទល្មើសឆ្លងដែន ក្នុងនាមជាប្រទេសរងគ្រោះមួយផងដែរ។\n សន្និសីទនេះមានការចូលរួមពីតំណាងជាង ២០ប្រទេស រួមមាន សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសអាស៊ាន អឺរ៉ុប អាហ្វ្រិក ព្រមទាំងស្ថាប័នអន្តរជាតិធំៗ ដើម្បីប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ និងមន្ត្រីអនុវត្តច្បាប់ មកពិភាក្សា និងកសាងកម្លាំងរួមក្នុងការទប់ស្កាត់ការគំរាមកំហែងជាសកលនេះ តាមរយៈការចែករំលែកបទពិសោធន៍ និងការបណ្តុះបណ្តាលរួមគ្នា។\n បន្ទាប់ពីពិធីបើក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងរបៀបវារៈទី១ លើប្រធានបទ «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសកលលោក»។\n បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រមុខក្រសួងមហាផ្ទៃនឹងលើកយកចំណុចសំខាន់ៗមកបង្ហាញអង្គសន្និសីទ រួមមាន៖ មូលហេតុ និងការវិវត្តនៃបទល្មើសឆបោកតាមបច្ចេកវិទ្យា និងបញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត (AI) យន្តការ និងលទ្ធផលបង្ក្រាបជាក់ស្តែងរបស់កម្ពុជាកន្លងមក ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់បទល្មើសឆ្លងដែននេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងក្របខណ្ឌមនុស្សជាតិ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"10973","languageVersionId":"2683","visibilityVersion":"5","versionToken":"a1.aIi_VWOGmCo-dA6UYd46uTi2xmWbkii-PPQySxP7-5M"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-23T02:43:05Z"}