{"asset":"news","key":"9162","locale":"km","id":"news:9162:km","entityId":"news:9162","canonicalUrl":"https://www.kps-tv.com/km/news/detail/9162","state":"ready","title":"កម្ពុជាត្រៀមបង្ហាញភាពអស្ចារ្យ! ពិភពលោកនឹងបានស្គាល់វប្បធម៌ និងស្នាមញញឹមខ្មែរក្នុង «ភូមិហ្រ្វង់កូហ្វូនី ២០២៦»","summary":"កម្ពុជាកំពុងត្រៀមរៀបចំ «ភូមិហ្រ្វង់កូហ្វូនី» អមកិច្ចប្រជុំកំពូលឆ្នាំ២០២៦។ រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានបង្ហាញផែនការផ្សព្វផ្សាយវប្បធម៌ ម្ហូបអាហារ និងភាពច្នៃប្រឌិតខ្មែរ ដោយផ្តល់ទីតាំង និងស្តង់ឥតគិតថ្លៃ ព្រមទាំងអំពាវនាវឱ្យស្ថាប័ន និងអាជីវកម្មចូលរួម។","body":"កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបើកទ្វារស្វាគមន៍ពិភពលោក តាមរយៈព្រឹត្តិការណ៍អមដ៏ធំ «ភូមិហ្រ្វង់កូហ្វូនី» (Village de la Francophonie) នាឱកាសដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កម្មវិធីនេះដំណើរការក្រោមមូលបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ក្នុងបំណងបង្ហាញពីភាពរួសរាយរាក់ទាក់ អត្តសញ្ញាណវប្បធម៌ ម្ហូបអាហារ និងសមត្ថភាពច្នៃប្រឌិតរបស់កម្ពុជា ទៅកាន់រដ្ឋ និងរដ្ឋាភិបាលប្រមាណ ៩០ ដែលចូលរួមក្នុង OIF រួមទាំងអ្នកសង្កេតការណ៍ ព្រមទាំងភ្ញៀវអន្តរជាតិជុំវិញសកលលោក។\n\n ចំណុចពិសេសដែលកាន់តែទាក់ទាញនោះ គឺការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការផ្តល់ជូនទីតាំង និងស្តង់ពិព័រណ៍ទាំងអស់ក្នុង «ភូមិហ្រ្វង់កូហ្វូនី» ដោយឥតគិតថ្លៃ។ វិធានការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងគោលបំណងបើកចំហឱកាសឱ្យគ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន អាជីវកម្មធុនតូច និងមធ្យម ក្រុមសិល្បករ រហូតដល់ដៃគូអភិវឌ្ឍន៍នានា អាចយកស្នាដៃ ផលិតផល និងសក្តានុពលទេសចរណ៍ ក៏ដូចជាកាលានុវត្តភាពវិនិយោគមកដាក់តាំងបង្ហាញដោយគ្មានការចំណាយលើទីតាំងឡើយ។\n\n ជាចុងក្រោយ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមានសមាគមទេសចរណ៍ ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន ផលិតករ និងគ្រឹះស្ថានសិក្សា ចូលរួមសហការគ្នាយ៉ាងសកម្មក្នុងការរៀបចំសកម្មភាព និងការតាំងបង្ហាញឱ្យបានផុសផុល។ ការរួបរួមគ្នានេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ បង្ហាញពីមោទនភាព និងវប្បធម៌ដ៏ផូរផង់របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្ត្រមួយនេះ។ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11136","languageVersionId":"3082","visibilityVersion":"4","versionToken":"a1.0bhkgqQq_U_104GwOkQFZ8bPsmWbLtzrIz_dLedQ1UM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-24T02:28:11Z"}