{"asset":"news","key":"9212","locale":"km","id":"news:9212:km","entityId":"news:9212","canonicalUrl":"https://www.kps-tv.com/km/news/detail/9212","state":"ready","title":"លែងលើកលែងហើយ! នគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុ ចេញសេចក្ដីព្រមានចំពោះការយកទ្រូងផ្លូវ និងផ្លូវថ្មើរជើងធ្វើអាជីវកម្មផ្ទាល់ខ្លួន","summary":"នគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុអំពាវនាវឱ្យបញ្ឈប់ការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងតំបន់សាធារណៈជុំវិញផ្សារ ធ្វើអាជីវកម្មផ្ទាល់ខ្លួន។ សមត្ថកិច្ចព្រមានថានឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះអ្នកបន្តប្រព្រឹត្ត ឬមិនរាងចាល។","body":"ខេត្តព្រះសីហនុ៖ ការិយាល័យនគរបាលសណ្ដាប់ធ្នាប់ មានកិត្តិយសសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ ម្ចាស់គ្រឹះស្ថាន ម្ចាស់លំនៅឋាន និងអ្នកប្រកបរបរលក់ដូរតាមរទេះរ៉ឺម៉កទាំងអស់ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ឱ្យបានជ្រាបថា កន្លងមក សមត្ថកិច្ចបានសង្កេតឃើញថា នៅតែមានបុគ្គលមួយចំនួនបន្តសកម្មភាពមិនសមស្របលើទ្រព្យសម្បត្តិសាធារណៈ ដូចជា៖\nការចតយានយន្ត ឬឈប់ចតបញ្ច្រាសទិសចរាចរណ៍ ការដាក់តាំងស្លាកយីហោ ធុងសំរាម តុ កៅអី ឬសម្ភារៈផ្សេងៗនៅលើទ្រូងផ្លូវ និងលើផ្លូវក្រានីតសម្រាប់ថ្មើរជើង ការយកផ្លូវសាធារណៈ និងតំបន់ជុំវិញបរិវេណផ្សារ ធ្វើជាកន្លែងប្រកបអាជីវកម្មផ្ទាល់ខ្លួន សកម្មភាពទាំងនេះ បានបង្កជាភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ រាំងស្ទះចរាចរណ៍ និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ។\n\nអាស្រ័យហេតុនេះ សមត្ថកិច្ចសូមធ្វើការអំពាវនាវ និងណែនាំយ៉ាងទទូច ឱ្យបញ្ឈប់រាល់ការរំលោភយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនជាបន្ទាន់។ ក្នុងករណីនៅតែបន្តប្រព្រឹត្ត ឬមិនរាងចាល សមត្ថកិច្ចនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមានដោយគ្មានការលើកលែង។\nវិធានការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព អនាម័យ និងរបៀបរៀបរយនៃទីក្រុងទេសចរណ៍ខេត្តព្រះសីហនុ ឱ្យកាន់តែស្រស់បំព្រង សុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តកាន់តែច្រើនឡើង។\nអាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ មេត្តាចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11125","languageVersionId":"3043","visibilityVersion":"5","versionToken":"a1.IW7vSII2ZjwNhj6EN8gE8-ONMODAN30uY-w2ofbBL44"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-24T10:35:18Z"}