{"asset":"news","key":"9263","locale":"km","id":"news:9263:km","entityId":"news:9263","canonicalUrl":"https://www.kps-tv.com/km/news/detail/9263","state":"ready","title":"ស្វាយរៀង ក្លាយជាខេត្តដំបូងគេដែលបើកព្រឹត្តិការណ៍រត់ភ្លើងគប់កីឡាជាតិ ឆ្នាំ២០២៦ ជាមួយបរិយាកាសអធិកអធម","summary":"ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ បានប្រព្រឹត្តទៅនៅក្រុងស្វាយរៀង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណ ២,០០០នាក់ និងផ្លូវរត់ប្រវែងប្រមាណ ៣,៥៥០ម៉ែត្រ។","body":"ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅក្រុងស្វាយរៀង\n នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អមដំណើរដោយ ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញជាគណៈអធិបតីក្នុង «ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦»។ ពិធីនេះបានប្រព្រឹត្តទៅនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់សមាគមអ្នកជិះកង់ មន្ត្រីរាជការ និងប្រជាពលរដ្ឋសរុបប្រមាណ ២,០០០នាក់។\n មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មការរៀបចំការប្រកួតកីឡាជាតិ ដែលបានផ្ដល់ទំនុកចិត្ត សម្រេចជ្រើសរើសខេត្តស្វាយរៀងរៀបចំព្រឹត្តិការណ៍ដ៏មហោឡារិកនេះជាថ្មីម្ដងទៀត។ ជាពិសេស ស្វាយរៀងគឺជាខេត្តទីមួយមុនគេ ក្នុងការរៀបចំពិធីរត់ភ្លើងគប់ ក្នុងចំណោមបណ្ដាខេត្តដែលទទួលសហការធ្វើជាម្ចាស់ផ្ទះប្រកួតប្រជែងក្នុងឆ្នាំ២០២៦។ នេះក៏ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកទីពីរ ដែលរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋស្វាយរៀង មានកិត្តិយសទទួលបានការរៀបចំកម្មវិធីកីឡាជាតិដ៏មានសារៈសំខាន់ ប្រកបដោយអត្ថន័យជ្រាលជ្រៅ និងក្ដីរំភើបរីករាយជាទីបំផុត។\n គួរបញ្ជាក់ផងដែរថា ដំណើរការនៃក្បួនរត់ភ្លើងគប់មានចម្ងាយសរុបប្រមាណ ៣,៥៥០ ម៉ែត្រ។ ក្បួនបានចាប់ផ្ដើមឡើងដោយ ឯកឧត្តមគណៈអធិបតី រត់កាន់ភ្លើងគប់ជាដំបូង រួចបន្តផ្ទេរជូនលោកអភិបាលរងខេត្ត និងតំណាងមន្ទីរ-អង្គភាពនានា ក្រោមរូបភាពរត់បណ្ដាក់គ្នារហូតដល់គោលដៅ ដោយមានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាអង្គភាពចុងក្រោយបង្អស់។ ពិធីទាំងមូលបានប្រព្រឹត្តទៅយ៉ាងរលូន ជោគជ័យ ប្រកបដោយស្មារតីសាមគ្គីភាព ភាតរភាព មិត្តភាព និងស្និទ្ធស្នាលជាទីមោទនភាព៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10972","languageVersionId":"2758","visibilityVersion":"6","versionToken":"a1.W76XllBrq0_MzdcQNJ-mdCIbV-VmgHnydkOKOMvabbg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-25T07:37:29Z"}