{"asset":"news","key":"9302","locale":"km","id":"news:9302:km","entityId":"news:9302","canonicalUrl":"https://www.kps-tv.com/km/news/detail/9302","state":"ready","title":"ស្បៃខ្មែរ៖ កេរដំណែលដូនតាដ៏មានតម្លៃ តាំងពីសម័យហ្វូណន","summary":"ស្បៃខ្មែរជាសម្លៀកបំពាក់ប្រពៃណីដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រ សិល្បៈតម្បាញ និងអត្តសញ្ញាណវប្បធម៌។ ស្បៃនៅតែត្រូវបានប្រើក្នុងពិធីមង្គលការ របាំ និងពិធីប្រពៃណីនានា។","body":"ស្របពេលដែលថៃកំពុងជ្រួលច្របល់បន្លំអន្តរជាតិថាស្បៃជារបស់ខ្លួនទាំងដែរការពិតប្រវត្តិសាស្រ្តថៃកកើតក្រោយអាណាចក្រខ្មែរ ឯកឧត្ដមនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចែករំលែកអំពីប្រវត្តស្បៃថា៖ស្បៃខ្មែរ មិនមែនគ្រាន់តែជាផ្ទាំងសាច់កំណាត់សម្រាប់ដណ្ដប់លម្អកាយនោះទេ ប៉ុន្តែជាកេរដំណែលវប្បធម៌ដ៏មានតម្លៃ ដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សិល្បៈ និងអត្តសញ្ញាណរបស់ប្រជាជាតិខ្មែរ តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។ ការសិក្សាប្រវត្តិសាស្ត្រ និងភស្តុតាងបុរាណវិទ្យាបង្ហាញថា សម្លៀកបំពាក់ប្រពៃណីខ្មែរមានការវិវត្តអស់រយៈពេលជាច្រើនសតវត្សរ៍។ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានបញ្ជាក់ថា ស្បៃជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលមានឫសគល់ជាប់ទាក់ទងនឹងអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន និងបានបន្តប្រើប្រាស់ពីមួយជំនាន់ទៅមួយជំនាន់។\n\n ភស្តុតាងដ៏សំខាន់មួយសម្រាប់សិក្សាអំពីសម្លៀកបំពាក់ និងជីវភាពសង្គមខ្មែរតាំងពីសម័យមុនអង្គរ គឺរូបបដិមាដីដុតរកឃើញនៅស្ថានីយអង្គរបូរី ក្នុងខេត្តតាកែវ (អាយុកាលចន្លោះស.វ ១ -៣នៃគ.ស) និងសិលាចារឹក K.713 នៃប្រាសាទព្រះគោ ក្នុងតំបន់រលួស ខេត្តសៀមរាប កសាងក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ នាចុងសតវត្សរ៍ទី៩ ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គ។ សិលាចារឹកនេះ មានកាលបរិច្ឆេទឆ្នាំ៨១៥ នៃមហាសករាជ ត្រូវនឹងឆ្នាំ៨៩៣ គ្រិស្តសករាជ បានកត់ត្រាអំពីការថ្វាយគ្រឿងសក្ការៈរួមមានមាស ប្រាក់ គ្រឿងអលង្ការ សម្លៀកបំពាក់ គ្រឿងប្រើប្រាស់ក្នុងពិធីសាសនា ព្រមទាំងខ្ញុំប្រាសាទ អ្នករាំ និងអ្នកភ្លេង ជាពិសេសគឺតង្វាយស្បៃដល់ទេពប្រចាំប្រាសាទ។ កំណត់ត្រាទាំងនេះឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃជីវភាព សិល្បៈ និងវប្បធម៌ខ្មែរនាសម័យដើមអង្គរ។\n\n ស្បៃខ្មែរ៖ ពីសម្លៀកបំពាក់បុរាណទៅជានិមិត្តរូបនៃអត្តសញ្ញាណជាតិ\n\n ស្បៃមានតួនាទីលើសពីសម្លៀកបំពាក់សម្រាប់លម្អរាងកាយ។ ក្នុងសង្គមខ្មែរ ស្បៃផ្សារភ្ជាប់ជាមួយភាពស្រស់ស្អាត ភាពថ្លៃថ្នូរ និងប្រពៃណីនៃការស្លៀកពាក់។ ចម្លាក់ស្រ្តី និងទេពនៅតាមប្រាសាទបុរាណខ្មែរ ក៏បង្ហាញពីភាពចម្រុះនៃការតុបតែងកាយ គ្រឿងអលង្ការ និងសម្លៀកបំពាក់នាសម័យអង្គរ ដែលជាប្រភពដ៏មានតម្លៃសម្រាប់ការសិក្សាប្រវត្តិសាស្ត្រសម្លៀកបំពាក់ខ្មែរ។\n បេតិកភណ្ឌនេះបន្តមានជីវិតនៅក្នុងពិធីមង្គលការ របាំព្រះរាជទ្រព្យ ពិធីបុណ្យប្រពៃណី និងសម្លៀកបំពាក់សម្រាប់ពិធីការផ្សេងៗ។ ជាពិសេស ទំនៀម «ព្រះថោងតោងស្បៃនាងនាគ» ជានិមិត្តរូបដ៏សំខាន់មួយនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដែលផ្សារភ្ជាប់ជាមួយរឿងព្រេងអំពីដើមកំណើតជាតិខ្មែរ។\n\n ស្បៃមួយផ្ទាំងអាចប្រាប់ពីស្នាដៃរបស់អ្នកតម្បាញ ចំណេះដឹងផ្នែកសូត្រ ក្បូរក្បាច់រចនា និងសោភ័ណភាពដែលដូនតាខ្មែរបានបន្សល់ទុក។ ការបន្តប្រើប្រាស់ស្បៃក្នុងពិធីប្រពៃណី គឺជាការរក្សាទំនាក់ទំនងរវាងមនុស្សជំនាន់បច្ចុប្បន្ន និងបេតិកភណ្ឌរបស់បុព្វបុរស។\n\n ស្បៃខ្មែរគឺជាកេរដំណែលដែលដូនតាបានបន្សល់ទុក ជាស្នាដៃសិល្បៈដែលមានជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលត្រូវថែរក្សា សិក្សា និងបន្តទៅកាន់កូនចៅជំនាន់ក្រោយ៕ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11113","languageVersionId":"3029","visibilityVersion":"4","versionToken":"a1.J9j-mB29gRRa0gArCm5ct1esWZs7Hdh0du3wMF-Bw5s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-26T02:05:01Z"}