{"asset":"news","key":"9351","locale":"km","id":"news:9351:km","entityId":"news:9351","canonicalUrl":"https://www.kps-tv.com/km/news/detail/9351","state":"ready","title":"ឯកឧត្តម អ៊ុក ឃ្នួច ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំនន់ និងផលប៉ះពាល់នៅខេត្តបាត់ដំបង","summary":"ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យជំនន់នៅខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែកញ្ញា។ របាយការណ៍ខេត្តបង្ហាញថា ២១.៨០៧គ្រួសាររងផលប៉ះពាល់ និង៨៥៦គ្រួសារ ស្មើនឹង២.៧៦៧នាក់ ត្រូវបានជម្លៀសទៅទីសុវត្ថិភាព។","body":"នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាព និងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកឯកភ្នំ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង។\n\n ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានពិនិត្យស្ថានភាពនៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ជាពិសេសការរៀបចំស្ពានឈើសម្រាប់ឆ្លងកាត់បណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺដែលត្រូវទៅមណ្ឌលសុខភាព ព្រមទាំងបានណែនាំឱ្យមានការហាមឃាត់ការឆ្លងកាត់តំបន់ដែលអាចបង្កគ្រោះថ្នាក់។\n\n ជាមួយគ្នានេះ ឯកឧត្តម អ៊ុក ឃ្នួច ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសចេញពីភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ មកកាន់ទីទួលមានសុវត្ថិភាព ដោយបានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព និងស្នើឱ្យអាជ្ញាធរយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។\n\n ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តតាមដានស្ថានភាពជំនន់ជាប្រចាំ ប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ និងរាយការណ៍ទាន់ពេលវេលា ដើម្បីចាត់វិធានការឆ្លើយតប ជួយសង្គ្រោះ និងស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព។\n\n យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ ១៤ក្រុង-ស្រុក ស្មើនឹង ៧១ឃុំ-សង្កាត់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប ១៩,២៩១ខ្នង ស្មើនឹង ២១,៨០៧គ្រួសារ។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ៨៥៦គ្រួសារ ស្មើនឹង ២,៧៦៧នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។\nជំនន់នេះក៏បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសរុបចំនួន ៧៨០កន្លែង និងដំណាំស្រូវចំនួន ៣៥,៦១២ហិកតា៕ដោយ ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11108","languageVersionId":"3008","visibilityVersion":"5","versionToken":"a1.3Th0mWtxR7-q1DMWl-PVrWjqzm2eYC3UyPlRYcqXrwk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-27T09:04:13Z"}