# ឯកឧត្តម អ៊ុក ឃ្នួច ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំនន់ និងផលប៉ះពាល់នៅខេត្តបាត់ដំបង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9351>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"11108","languageVersionId":"3008","visibilityVersion":"5","versionToken":"a1.3Th0mWtxR7-q1DMWl-PVrWjqzm2eYC3UyPlRYcqXrwk"}

Original publication: 2026-09-27T09:04:13Z

ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យជំនន់នៅខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែកញ្ញា។ របាយការណ៍ខេត្តបង្ហាញថា ២១.៨០៧គ្រួសាររងផលប៉ះពាល់ និង៨៥៦គ្រួសារ ស្មើនឹង២.៧៦៧នាក់ ត្រូវបានជម្លៀសទៅទីសុវត្ថិភាព។

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាព និងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកឯកភ្នំ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានពិនិត្យស្ថានភាពនៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ជាពិសេសការរៀបចំស្ពានឈើសម្រាប់ឆ្លងកាត់បណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺដែលត្រូវទៅមណ្ឌលសុខភាព ព្រមទាំងបានណែនាំឱ្យមានការហាមឃាត់ការឆ្លងកាត់តំបន់ដែលអាចបង្កគ្រោះថ្នាក់។

 ជាមួយគ្នានេះ ឯកឧត្តម អ៊ុក ឃ្នួច ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសចេញពីភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ មកកាន់ទីទួលមានសុវត្ថិភាព ដោយបានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព និងស្នើឱ្យអាជ្ញាធរយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

 ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តតាមដានស្ថានភាពជំនន់ជាប្រចាំ ប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ និងរាយការណ៍ទាន់ពេលវេលា ដើម្បីចាត់វិធានការឆ្លើយតប ជួយសង្គ្រោះ និងស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព។

 យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ ១៤ក្រុង-ស្រុក ស្មើនឹង ៧១ឃុំ-សង្កាត់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប ១៩,២៩១ខ្នង ស្មើនឹង ២១,៨០៧គ្រួសារ។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ៨៥៦គ្រួសារ ស្មើនឹង ២,៧៦៧នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
ជំនន់នេះក៏បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសរុបចំនួន ៧៨០កន្លែង និងដំណាំស្រូវចំនួន ៣៥,៦១២ហិកតា៕ដោយ ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


