# រដ្ឋមន្រ្តីព័ត៌មានថា៖ស្លាកស្នាមដ៏ឈឺចាប់ជាប្រវត្តិសាស្ត្រ ពិភពលោកបានដឹងថានរណាជាអ្នកបំផ្លាញបេតិកភណ្ឌពិភពលោកនេះ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9353>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"11098","languageVersionId":"3005","visibilityVersion":"4","versionToken":"a1.P4Z20I_-UelQ-EDRf5yL2YRJCKDgR8hPV8QemF3QlOE"}

Original publication: 2026-09-28T01:46:29Z

រដ្ឋមន្ត្រីព័ត៌មានបានយោងទិន្នន័យគ្រាប់របស់ CMAC និងរបាយការណ៍បេសកកម្មបេតិកភណ្ឌអំពីការខូចខាតប្រាសាទព្រះវិហារ ដោយទាមទារការទទួលខុសត្រូវ និងលើកឡើងថាយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែរារាំងការត្រួតពិនិត្យ និងការអភិរក្ស។

រដ្ឋមន្ត្រីព័ត៌មានបានលើកឡើងថា កម្ពុជាមានភស្តុតាងជាក់ស្ដែងពិតប្រាកដ ១៥៩៩ គ្រាប់ និង ៥០១ ទិសដៅបាញ់ គឺជាទិន្នន័យដែលអាចត្រូវពិនិត្យ។ រណ្តៅគ្រាប់ គ្រាប់មិនទាន់ផ្ទុះ និងការខូចខាតបេតិកភណ្ឌ គឺជាភស្តុតាងនៅលើដី។ ភស្តុតាងនៅលើដីមានរួចហើយ ការអះអាងដែលគ្មានភស្តុតាង មិនអាចមានទម្ងន់ជាងរណ្តៅគ្រាប់ និងការខូចខាតដែលអាចមើលឃើញ និងផ្ទៀងផ្ទាត់បានឡើយ។
 ប្រាសាទព្រះវិហារត្រូវការការពិត ការទទួលខុសត្រូវ និងការធានាថា បេតិកភណ្ឌពិភពលោកមួយនេះនឹងមិនក្លាយជាគោលដៅនៃការបំផ្លិចបំផ្លាញដោយសព្វវុធម្តងទៀត ហើយការបំផ្លិចបំផ្លាញនេះក៏ត្រូវបានអង្គការ UNESCO និង ICOMOS បានកត់ត្រាទុក។

 ១ ៥៩៩ គ្រាប់ ក្នុង៥០១ ទិសដៅបាញ់សំដៅមកលើប្រាសាទព្រះវិហារមួយ។ នេះមិនមែនជាតួលេខតូចតាចដែលបង្កឡើងដោយយោធាថៃប្រើលេសថា«វាយប្រហារលើគោលដៅយោធា» មកបិទបាំងនៃទង្វើបំផ្លាញបេតិកភណ្ឌពិភពលោកបានទេ។ វាជាទិន្នន័យដែលត្រូវបានបង្ហាញដោយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស្តីពីគ្រាប់ដែលធ្លាក់ក្នុងតំបន់ប្រាសាទព្រះវិហារ ក្នុងអំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ឆ្នាំ២០២៥។ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងចំនួនគ្រាប់ គឺលំនាំនៃការបាញ់របស់យោធាថៃ និងអ្វីដែលនៅសល់លើដីគឺសំណល់គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងប្រាង្គប្រាសាទពោរពេញដោយស្លាកស្នាមនៃគ្រាប់ផ្លោង និងគ្រាប់ផ្សេងៗទៀតរបស់ថៃ។
 របាយការណ៍បេសកកម្មប្រឹក្សាបេតិកភណ្ឌបានកត់សម្គាល់ថា ផែនទីផលប៉ះពាល់បង្ហាញថា «គ្មានតំបន់ណាមួយត្រូវបានរួចផុត» ហើយគ្រប់ផ្នែកនៃប្រាសាទ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារទេសចរណ៍ បានរងផលប៉ះពាល់។

 ការអះអាងមួយមិនអាចលុបរណ្តៅគ្រាប់ចេញពីដីបានទេ។ វាក៏មិនអាចលុបការខូចខាតចេញពីថ្មប្រាសាទបានដែរ។ នេះជាស្លាកស្នាមដ៏ឈឺចាប់ជាប្រវត្តិសាស្ត្រ។
 CMAC ក៏បានរាយការណ៍ថា ក្រោយសង្គ្រាមឈ្លានពានពីរលើកក្នុងឆ្នាំ២០២៥ ខ្លួនបានកំណត់អត្តសញ្ញាណរណ្តៅគ្រាប់ប្រមាណ ១៦ ០០០ កន្លែង ក្នុងតំបន់ដែលរងផលប៉ះពាល់ទូលំទូលាយ ហើយក្នុងរយៈពេល៦ខែ បានបោសសម្អាតយុទ្ធភណ្ឌប្រមាណ ១០,០០០ គ្រាប់។ CMAC ក៏បានលើកឡើងពីការប្រើគ្រាប់បែកចង្កោម ១៥៥ មម ក្នុងទំហំធំ ដែលបង្កហានិភ័យពីគ្រាប់បែកតូចៗមិនទាន់ផ្ទុះរាប់លានគ្រាប់។
 នៅព្រះវិហារ ផលវិបាកមិនបានបញ្ចប់នៅពេលការបាញ់ត្រូវបានឈប់នោះទេ។ UXO នៅតែធ្វើឱ្យតំបន់មិនមានសុវត្ថិភាព រារាំងការចូលទៅពិនិត្យសំណង់ និងរារាំងការងារអភិរក្សបន្ទាន់។ នេះមានន័យថា គ្រាប់ដែលយោធាថៃបានបាញ់កាលពីឆ្នាំ២០២៥មកលើប្រាសាទព្រះវិហារ នៅតែបន្តបង្កហានិភ័យដល់មនុស្ស និងបេតិកភណ្ឌនៅថ្ងៃនេះ។

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


