{"asset":"news","key":"9394","locale":"km","id":"news:9394:km","entityId":"news:9394","canonicalUrl":"https://www.kps-tv.com/km/news/detail/9394","state":"ready","title":"អភិបាលខេត្តបន្ទាយមានជ័យ ចុះបញ្ជាកម្លាំងផ្ទាល់ រៀបចំទីទួលសុវត្ថិភាពទទួលពលរដ្ឋជម្លៀសពីគ្រោះទឹកជំនន់","summary":"នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា អភិបាលខេត្តបន្ទាយមានជ័យដឹកនាំរៀបចំទីទួលសុវត្ថិភាព សម្រាប់ពលរដ្ឋប្រមាណ២០គ្រួសារប្រឈមទឹកជំនន់ និងណែនាំឱ្យតាមដានកម្ពស់ទឹក ព្រមទាំងរៀបចំកម្លាំងសន្តិសុខ និងគ្រូពេទ្យប្រចាំការ។","body":"ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ រួមមាន លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត និងលោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី ព្រមទាំងកងកម្លាំងចម្រុះ ចុះរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅតំបន់ទំនាប ដែលកំពុងប្រឈមនឹងការជន់លិចដោយជំនន់ទឹកភ្លៀង។\n ទីតាំងទួលសុវត្ថិភាពនេះ ស្ថិតនៅចំណុចផ្លូវវាងក្រុង ជាប់ព្រំប្រទល់ក្រុងសិរីសោភ័ណ។ ការរៀបចំនេះធ្វើឡើងបន្ទាប់ពីស្ថានភាពកម្ពស់ទឹកបានបន្តកើនឡើង ជាហេតុបណ្ដាលឱ្យប្រជាពលរដ្ឋប្រមាណ ២០គ្រួសារ នៅក្នុងភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយហានិភ័យដល់អាយុជីវិត និងទ្រព្យសម្បត្តិ។\n\n ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុក និងឃុំដែលប្រឈម ត្រូវបន្តយកចិត្តទុកដាក់តាមដានកម្ពស់ទឹកជាប់ជាប្រចាំ។ ទន្ទឹមនឹងនេះ ត្រូវបន្តផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋឱ្យត្រៀមរៀបចំទុកដាក់សម្ភារចាំបាច់នៅទីកន្លែងមានសុវត្ថិភាព ហើយប្រសិនបើស្ថានភាពទឹកនៅតែបន្តកើនឡើងទៀត កម្លាំងអន្តរាគមន៍ត្រូវតែចេញជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា។\n\n បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ទោះបីចំនួនពលរដ្ឋដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាពមិនទាន់មានច្រើនយ៉ាងណាក្តី ក៏នៅគ្រប់ទីទួលសុវត្ថិភាពទាំងអស់ត្រូវតែចាត់តាំងកងកម្លាំង ឬប្រជាការពារប្រចាំការដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ ព្រមទាំងមានក្រុមគ្រូពេទ្យប្រចាំការជាប់ជាប្រចាំ សំដៅធានាឱ្យបានថា បងប្អូនប្រជាពលរដ្ឋទទួលបានការការពារ និងជំនួយសង្គ្រោះចាំបាច់គ្រប់ពេលវេលា៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11106","languageVersionId":"2990","visibilityVersion":"6","versionToken":"a1.0fWfHdI0A7YKXx-i8yhgfzkVcMwmWxrTSU9qiLlOmhc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-28T07:33:56Z"}