{"asset":"news","key":"9479","locale":"km","id":"news:9479:km","entityId":"news:9479","canonicalUrl":"https://www.kps-tv.com/km/news/detail/9479","state":"ready","title":"រដ្ឋមន្ត្រីការងារ ឥរិយាបថ និងការប្រាស្រ័យទាក់ទងល្អ ជាគន្លឹះសំខាន់ក្នុងការកាត់បន្ថយវិវាទការងារ","summary":"រដ្ឋមន្ត្រី ហេង សួរ និងអភិបាលរងខេត្ត សាមុត សុធារិទ្ធ លើកឡើងពីការប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈ និងការបកប្រែត្រឹមត្រូវ ក្នុងកិច្ចប្រជុំថ្ងៃទី១ ខែតុលា។","body":"ខេត្តព្រះសីហនុ៖ កិច្ចប្រជុំស្តីពី «ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងកន្លែងធ្វើការ» លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា បរិយាកាសការងារល្អ គឺជាមូលដ្ឋានសំខាន់សម្រាប់ការរក្សាសុខដុមរមនា សាមគ្គីភាព បង្កើនផលិតភាព និងលើកកម្ពស់សុខុមាលភាពកម្មករនិយោជិតនាព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០២៦។\n\n លោកបានបញ្ជាក់ថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការវិនិយោគនៅខេត្តព្រះសីហនុ កំពុងបង្កើតឱកាសការងារកាន់តែច្រើន។ ដូច្នេះ ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានមនុស្ស ការគោរពគ្នា ការស្តាប់មតិយោបល់ និងការប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈ ដើម្បីទប់ស្កាត់បញ្ហាតូចតាចមិនឱ្យវិវត្តទៅជាវិវាទការងារ។\n\n ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ថា ឥរិយាបថ និងការប្រើប្រាស់ពាក្យសម្តីរបស់គណៈគ្រប់គ្រង ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់រោងចក្រ សហគ្រាស និងក្រុមហ៊ុន មានសារៈសំខាន់ក្នុងការរក្សាទំនាក់ទំនងល្អជាមួយបុគ្គលិក និងកម្មករនិយោជិត។ ការប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈ នឹងជួយកាត់បន្ថយការយល់ច្រឡំ និងការកើតមានវិវាទនៅកន្លែងធ្វើការ។\n\n ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីតួនាទីសំខាន់របស់អ្នកបកប្រែ ប្រសិនបើបកប្រែមិនបានត្រឹមត្រូវ ឬមិនច្បាស់លាស់ អាចបង្កឱ្យមានការភាន់ច្រឡំរវាងគណៈគ្រប់គ្រង និងកម្មករនិយោជិត។ ដូច្នេះ អ្នកបកប្រែត្រូវមានវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ។\n\n ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមសម្របសម្រួល និងដោះស្រាយបញ្ហាវិវាទការងារបានទាន់ពេលវេលា ព្រមទាំងបានលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យបន្តចូលមកអភិវឌ្ឍនៅខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។\n\n ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងអស់ ឱ្យប្រកាន់ខ្ជាប់ក្រមសីលធម៌ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិត និងរួមគ្នាកសាងកន្លែងធ្វើការដែលមានសុខដុមរមនា សុវត្ថិភាព និងផលិតភាពខ្ពស់៕អត្ថបទ ៖ ប៉ៃ សុឃីម\nរូបភាព ៖ ឡាយ ចាន់ដា","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"10889","languageVersionId":"2553","visibilityVersion":"7","versionToken":"a1.I1QRSqN5vtyoHrTCOvduwTebLCJ0-of_tqXbWFFZsJU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-01T06:30:31Z"}