# AOTចុះផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសបន្ទាយមានជ័យ!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9486>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"11047","languageVersionId":"2879","visibilityVersion":"5","versionToken":"a1.HhBnsAmrqRu0tQ4rcTzAyQ9Cq4_5SWSwSs-7giSd4uc"}

Original publication: 2026-10-01T10:39:45Z

តាមក្រសួងការពារជាតិ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រុម CLG បានសម្របសម្រួលជូន AOT-KH ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ស្ថានភាពព្រំដែននៅបង្គោលលេខ២៧ ក្នុងខេត្តបន្ទាយមានជ័យ។

នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ២៧ ស្ថិតនៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

 ការចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងស៊ីជម្រៅ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅបង្គោលព្រំដែនដែលបានឯកភាពគ្នារវាងភាគីកម្ពុជានិងភាគីថៃ ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

 កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី សម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕ ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


