# ស្ថានទូតអាមេរិកផ្ដល់ថវិកា ៥៧ ០០០ ដុល្លារ ពង្រឹងសមត្ថភាពអ្នកជំនាញខ្មែរលើការអភិរក្សប្រាសាទព្រះវិហារ និងកោះកេរ!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9503>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"11044","languageVersionId":"2870","visibilityVersion":"6","versionToken":"a1.NN6VciaRGC5MUWO0ot711Ir9QJPu2uUlijwWoULS28Q"}

Original publication: 2026-10-02T06:42:38Z

យោងតាមស្ថានទូតអាមេរិកនៅភ្នំពេញ ជំនួយ ៥៧ ០០០ ដុល្លារ នឹងពង្រីកកម្មវិធីបណ្តុះបណ្តាលវិញ្ញាបនបត្រអភិរក្សទៅកាន់ប្រាសាទព្រះវិហារ និងកោះកេរ សម្រាប់មេការ និងអ្នកបច្ចេកទេសខ្មែរ ៤០ រូបបន្ថែមទៀត។

ក្នុងឱកាសគម្រប់ខួប ២៥ ឆ្នាំនៃមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ព្រមទាំងខួប ២៥០ ឆ្នាំនៃឯករាជ្យភាពរបស់សហរដ្ឋអាមេរិក សហរដ្ឋអាមេរិកបានសម្រេចផ្ដល់កញ្ចប់ហិរញ្ញប្បទានថ្មីចំនួន ៥៧ ០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចការការពារបេតិកភណ្ឌនៅកម្ពុជា។ ការប្រកាសដ៏មានសារៈសំខាន់នេះត្រូវបានធ្វើឡើងដោយ លោកស្រី Katherine Diop ទីប្រឹក្សាផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក អំឡុងពេលចូលរួមកិច្ចប្រជុំបច្ចេកទេសលើកទី ១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារ នៅលើទឹកដីខេត្តសៀមរាប។

 នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកនៅភ្នំពេញចេញផ្សាយនៅរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នេះបានអោយដឹងថា ជំនួយថវិកានេះ នឹងត្រូវប្រើប្រាស់ក្នុងការពង្រីកវិសាលភាពនៃកម្មវិធីវិញ្ញាបនបត្របណ្តុះបណ្តាលការអភិរក្សកម្រិតវិជ្ជាជីវៈសម្រាប់មេការ និងអ្នកបច្ចេកទេស ទៅកាន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងរមណីយដ្ឋានកោះកេរ។ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ដឹកនាំអនុវត្តរួមគ្នាដោយមូលនិធិប្រាសាទពិភពលោក និងអាជ្ញាធរជាតិអប្សរា បន្ទាប់ពីទទួលបានផ្លែផ្កាជាជំហានដំបូងនៅរមណីយដ្ឋានអង្គរ កាលពីឆ្នាំ ២០២៤ កន្លងទៅ។

 តាមរយៈគម្រោងអភិវឌ្ឍន៍ធនធានមនុស្សមួយនេះ មេការ និងអ្នកបច្ចេកទេសជនជាតិខ្មែរចំនួន ៤០ រូបបន្ថែមទៀត នឹងទទួលបានការបណ្ដុះបណ្ដាលព្រមទាំងវិញ្ញាបនបត្រទទួលស្គាល់កម្រិតវិជ្ជាជីវៈច្បាស់លាស់។ គំនិតផ្ដួចផ្ដើមនេះ ឆ្លុះបញ្ចាំងពីការវិនិយោគដោយផ្ទាល់លើសមត្ថភាពកូនខ្មែរ ក្នុងការកសាងធនធានមនុស្សជំនាញប្រកបដោយភាពរឹងមាំ និងម្ចាស់ការ ដើម្បីបន្តបេសកកម្មការពារ និងថែរក្សាសម្បត្តិវប្បធម៌ដូនតាឱ្យស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៕ដោយ៖ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


