{"asset":"news","key":"9519","locale":"km","id":"news:9519:km","entityId":"news:9519","canonicalUrl":"https://www.kps-tv.com/km/news/detail/9519","state":"ready","title":"កម្ពុជាត្រៀមបង្ហាញភាពខ្លាំងនៃប្រព័ន្ធទូទាត់ឌីជីថល និងប្រព័ន្ធបាគង ទៅកាន់ឆាកអន្តរជាតិក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី!","summary":"លោកជំទាវ ជា សិរី បានពិភាក្សាជាមួយលោក Jin Wan Jung អំពីប្រព័ន្ធទូទាត់ឌីជីថល និងលទ្ធភាពភ្ជាប់ធនាគារ អ៊ូរី ជាមួយប្រព័ន្ធបាគង ព្រមទាំងលើកឡើងពីគម្រោង Black Swan Summit នៅខែវិច្ឆិកា ក្នុងឱកាសកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនី។","body":"លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) ក្នុងពេលខាងមុខឆាប់ៗនេះ នឹងក្លាយជាវេទិកាសម្រាប់ចែករំលែកបទពិសោធន៍ និងបង្ហាញនវានុវត្តន៍ក្នុងប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា ព្រមទាំងផ្តល់ឱកាសដល់ភ្ញៀវអន្តរជាតិបានសាកល្បងប្រើប្រាស់សេវាទូទាត់ឌីជីថលរបស់កម្ពុជា។ \n លោកជំទាវ ជា សិរី ថ្លែងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក Jin Wan Jung អគ្គនាយកប្រតិបត្តិ នៃធនាគារ អ៊ូរី នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការធនាគារជាតិនៃកម្ពុជា។ \n ក្នុងឱកាសនោះ លោក Jin Wan Jung បានជម្រាបជូនលោកជំទាវ ជា សិរី អំពីការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារ អ៊ូរី ដែលបានសហការជាមួយក្រុមហ៊ុន Samsung ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ក្នុង និងក្រៅប្រទេស។\n\n ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានសម្តែងការស្វាគមន៍ និងត្រៀមខ្លួនក្នុងការសហការលើការពង្រឹងប្រព័ន្ធទូទាត់ជាមួយធនាគារ អ៊ូរី ប្រសិនបើធនាគារមានបំណងភ្ជាប់ជាមួយប្រព័ន្ធបាគងរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវ បានលើកឡើងអំពីស្ថានភាពនៃប្រព័ន្ធធនាគារ ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ជាពិសេសការពង្រឹងការតភ្ជាប់ឆ្លងដែន ទៅកាន់ប្រទេសមួយចំនួនដូចជា៖ ប្រទេសជប៉ុន ចិន និងឥណ្ឌា។\n\n លើសពីនេះ លោកជំទាវ ក៏បានមានប្រសាសន៍បន្ថែមពីគម្រោងរៀបចំវេទិកាលំដាប់អន្តរជាតិ Black Swan Summit នៅខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន)។ ជាមួយគ្នានេះ លោកជំទាវបញ្ជាក់ថា «កិច្ចប្រជុំនេះនឹងក្លាយជាវេទិកាសម្រាប់ចែករំលែកបទពិសោធ និងបង្ហាញនវានុវត្តន៍ក្នុងប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា ព្រមទាំងផ្តល់ឱកាសដល់ភ្ញៀវអន្តរជាតិបានសាកល្បងប្រើប្រាស់សេវាទូទាត់ឌីជីថលរបស់កម្ពុជាផងដែរ»៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11038","languageVersionId":"2855","visibilityVersion":"5","versionToken":"a1.BAhxAZqWB8v846XKur-vFUu6PLeOso-BjeCDJVNczH0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-03T03:06:12Z"}