{"asset":"news","key":"9532","locale":"km","id":"news:9532:km","entityId":"news:9532","canonicalUrl":"https://www.kps-tv.com/km/news/detail/9532","state":"ready","title":"កម្ពុជាស្នើ UN ជួយជ្រោមជ្រែងជាក់ស្តែង ដើម្បីនាំជនភៀសសឹកជាង ២ម៉ឺននាក់ វិលត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ","summary":"តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅហ្សឺណែវ កែ សុវណ្ណ ស្នើការគាំទ្រជាក់ស្តែងដល់ជនភៀសសឹកវិលត្រឡប់ទៅផ្ទះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស ថ្ងៃទី២ ខែតុលា។","body":"នាឱកាសសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍លើរបៀបវារៈទី១០ ដោយបានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗជុំវិញការលើកកម្ពស់សិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖\n ការអំពាវនាវជួយជនភៀសសឹក កម្ពុជាបានស្នើឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ផ្តល់ការគាំទ្រជាក់ស្តែងបន្ថែមទៀត ដើម្បីជួយដល់ជនភៀសសឹកកម្ពុជាជាង ២០ ០០០នាក់ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ឱ្យអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ។\n បទពិសោធន៍ពីសង្គ្រាមរ៉ាំរ៉ៃ និងការបែកបាក់ជាតិក្នុងអតីតកាល បានធ្វើឱ្យកម្ពុជាកំណត់យក «សន្តិភាព ការអភិវឌ្ឍ នីតិរដ្ឋ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ» ជាស្នូលចម្បងក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។\n កម្ពុជាទទូចឱ្យការវាយតម្លៃណាមួយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ តុល្យភាព មិនលម្អៀង និងផ្អែកលើទិន្នន័យជាក់ស្តែងដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ។\n លោកតំណាងអចិន្ត្រៃយ៍បានសម្តែងការសោកស្តាយចំពោះអនុសាសន៍មួយចំនួន ដែលទម្លាក់បន្ទុកទាំងស្រុងមកលើកម្ពុជា ទៅលើបញ្ហាស្មុគស្មាញដែលចាំបាច់ត្រូវមានការចូលរួមដោះស្រាយពីបណ្តាភាគីពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាអាទិ៍ បញ្ហាជនភៀសសឹកតាមព្រំដែនកម្ពុជា-ថៃ និងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។\n ទន្ទឹមនឹងការលើកឡើងនេះ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីបន្តលើកកម្ពស់សិទ្ធិសេរីភាព និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11014","languageVersionId":"2496","visibilityVersion":"8","versionToken":"a1.KZngfmUwPIs_yN5c7KSydNgLFYpB3o4DJKRakKZKku4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-04T01:36:49Z"}