# ស្មារតីសមរភូមិក្រោយជួយសមរភូមិមុខ៖ លោកជំទាវ ចម និម្មល នាំយកអំណោយលើកទឹកចិត្តដល់កងទ័ពបញ្ជាការដ្ឋានកាំភ្លើងធំក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9537>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"11015","languageVersionId":"2493","visibilityVersion":"7","versionToken":"a1.X1D_I4JmUMBPW20F6h-VGUAkBCkOgflw7nqzvRqUTiU"}

Original publication: 2026-10-04T07:49:52Z

នៅថ្ងៃទី៤ ខែតុលា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល ដឹកនាំប្រតិភូចុះសួរសុខទុក្ខកងទ័ពបញ្ជាការដ្ឋានកាំភ្លើងធំ និងប្រគល់ថវិកា ស្បៀង និងសម្ភារប្រើប្រាស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ និងរឹតចំណងសាមគ្គីភាពឱ្យកាន់តែស្អិតល្មួត លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភជាច្រើនប្រគល់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។
វត្តមានរបស់គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុតពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ រួមជាមួយថ្នាក់ដឹកនាំ ព្រមទាំងយោធិនទូទាំងអង្គភាព។
ថ្លែងនៅក្នុងពិធីសំណេះសំណាល លោកជំទាវរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីស្មារតី «សមរភូមិក្រោយ ជួយគាំទ្រសមរភូមិមុខ» ដោយគូសរំលេចថា គិតចាប់តាំងពីឆ្នាំ២០១៤ មក ក្រសួងពាណិជ្ជកម្មតែងតែឈរយ៉ាងរឹងមាំក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាព តាមរយៈការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ព្រមទាំងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគជាប្រចាំ។ កាយវិការទាំងនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបចំពោះតម្រូវការជាក់ស្ដែង ព្រមទាំងជួយលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូនវីរកងទ័ពឱ្យកាន់តែប្រសើរឡើង។
បន្ថែមពីលើសារសួរសុខទុក្ខប្រកបដោយក្តីស្រឡាញ់ លោកជំទាវរដ្ឋមន្ត្រី ក៏បានប្រគល់ថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនដល់អង្គភាព ដើម្បីជួយសម្រាលតម្រូវការប្រចាំថ្ងៃ និងបង្កបរិយាកាសរីករាយដល់កងទ័ពក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពីចំណងមិត្តភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់កងកម្លាំងការពារជាតិ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


