# ដូចភ្លៀងរលឹម! កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឆ្មក់បង្ក្រាបសំបុក Online Scams ដោយឃាត់ជនសង្ស័យចិន ២២នាក់ ទាំងកណ្ដាលអធ្រាត្រ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9588>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10994","languageVersionId":"2661","visibilityVersion":"7","versionToken":"a1.0qTWc7UqXagDM8R5m_3q9UMykea_LQ2aasNg701kJEQ"}

Original publication: 2026-10-06T06:42:46Z

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យជនជាតិចិន ភេទប្រុស ២២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបករណីសង្ស័យឆបោកតាមអនឡាញ កាលពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ និងដកហូតកុំព្យូទ័រ ទូរសព្ទ និងវត្ថុតាងផ្សេងទៀត។

ខេត្តព្រះសីហនុ៖ ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅតែបន្តអនុវត្តយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ដោយគ្មានការលើកលែង ឬបន្ធូរដៃឡើយ។
 ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
ជាក់ស្ដែង កាលពីវេលាម៉ោង ២៣:៣០នាទីយប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន ១២នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចសណ្ឋាគារ «យៀកលាំង» (អគារកម្ពស់ ២២ជាន់) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន (ភេទប្រុស) សរុបចំនួន ២២នាក់ ជាន់ផ្ទាល់ដី ឃាត់ខ្លួនបានចំនួន ០១នាក់ (ជាអ្នកគ្រប់គ្រង)
 ជាន់ទី៦ (បន្ទប់ស្នាក់នៅ) រកឃើញចំនួន ០៧នាក់ ជាន់ទី៨ (បន្ទប់ធ្វើការ និងបន្ទប់ស្នាក់នៅ) រកឃើញចំនួន ១៤នាក់។
 កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រលើតុ (All-in-One) ចំនួន ២០គ្រឿង iPad ចំនួន ០១គ្រឿង ទូរសព្ទដៃប្រើប្រាស់ Online ចំនួន ៥២គ្រឿង
 ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ២៨គ្រឿង គ្រឿងញៀន ចំនួន ០៦កញ្ចប់តូច និងលិខិតឆ្លងដែន ចំនួន ០៨ក្បាល។
 បច្ចុប្បន្ន ជនសង្ស័យទាំង ២២នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការអនុវត្តបន្តតាមនីតិវិធីច្បាប់៕
 ដោយ៖ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


