# អាជ្ញាធរកោះកុងចុះបង្រ្កាបទីតាំងបូមខ្សាច់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃតាតៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/9615>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"10920","languageVersionId":"2646","visibilityVersion":"5","versionToken":"a1.psa45Plc28mnRnQADJHZyhuporp4jUrw0S9YLbIbVHE"}

Original publication: 2026-10-07T04:02:08Z

អាជ្ញាធរកោះកុងចុះបង្ក្រាបទីតាំងបូមខ្សាច់គ្មានអាជ្ញាបណ្ណក្នុងដែនជម្រកសត្វព្រៃតាតៃ ថ្ងៃទី៦ តុលា។ តាមមន្ត្រីជំនាញ សកម្មភាពមានរយៈពេល១៥ថ្ងៃ ហើយត្រូវផាកពិន័យ២២,៥០០,០០០រៀល។

អាជ្ញាធរខេត្តកោះកុង រួមជាមួយមន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលក្រុងខេមរភូមិន្ទ សង្កាត់ស្មាច់មានជ័យ បានចុះបង្រ្កាបទីតាំងបូមខ្សាច់ខុសច្បាប់មួយកន្លែង ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ កាលពីថ្ងៃទី៦ ខែតុលា។ លោក ហាក់ ឡេង អភិបាលរងខេត្ត បានឱ្យដឹងថា ទីតាំងនេះត្រូវបានប្រើប្រាស់សម្រាប់បូមខ្សាច់យកទៅចាក់បំពេញដីកម្មសិទ្ធិ និងដីសាធារណៈរបស់រដ្ឋ។ ក្នុងប្រតិបត្តិការនេះ ក្រុមការងាររកឃើញម៉ាស៊ីនបូមខ្សាច់១គ្រឿង និងទុយោមុខកាត់១.៥តឹក ប្រវែងប្រមាណ២៥០ម៉ែត្រ ព្រមទាំងបរិមាណខ្សាច់ដែលបានបូមចាក់បំពេញរួច។
លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានបញ្ជាក់ថា ទីតាំងបូមខ្សាច់នេះមិនមានអាជ្ញាបណ្ណធនធានរ៉ែឡើយ ហើយត្រូវអនុវត្តតាមមាត្រា៣៥ថ្មី នៃច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ។ តាមការសាកសួរ ម្ចាស់គ្រឿងចក្របានអះអាងថា សកម្មភាពនេះបានដំណើរការអស់រយៈពេល១៥ថ្ងៃ ដែលតាមការគណនាកំណត់ការផាកពិន័យមានចំនួន២២,៥០០,០០០រៀល។ ចំណែកការគណនាតាមបរិមាណខ្សាច់ដែលបានបូមចាក់បំពេញ និងតម្លៃទីផ្សារ មានចំនួន៩,៧៤៨,៨០០រៀល ដូច្នេះការផាកពិន័យត្រូវយកចំនួនខ្ពស់ជាងគេ គឺ២២,៥០០,០០០រៀល។
ជាមួយគ្នានេះ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា ក្រោយការផ្ទៀងផ្ទាត់ ទីតាំងម៉ាស៊ីនបូមខ្សាច់ និងកន្លែងចាក់បំពេញ មានទំហំសរុប១២,១៨៦ម៉ែត្រការ៉េ។ ក្នុងនោះ ដីដែលមានប័ណ្ណកម្មសិទ្ធិមានទំហំ៨,៦៣៦ម៉ែត្រការ៉េ ខណៈដីក្រៅប័ណ្ណកម្មសិទ្ធិមានទំហំ៣,៥៥០ម៉ែត្រការ៉េ និងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ។ ការចុះបង្រ្កាបនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការធ្វើអាជីវកម្មធនធានរ៉ែដោយគ្មានច្បាប់ និងការរំលោភបំពានលើតំបន់ការពាររបស់រដ្ឋ៕

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


