{"asset":"news","key":"9618","locale":"km","id":"news:9618:km","entityId":"news:9618","canonicalUrl":"https://www.kps-tv.com/km/news/detail/9618","state":"ready","title":"សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជាថ្មីមិនអនុញ្ញាតការវិនិយោគផលិត Vape និងដាំកញ្ឆានៅកម្ពុជាឡើយ","summary":"សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់ថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានគម្រោងវិនិយោគផលិតបារីអេឡិចត្រូនិក (Vape) ឬដាំកញ្ឆានៅក្នុងប្រទេសឡើយ ទោះបីសម្រាប់នាំចេញ ឬប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រក៏ដោយ។ ការប្រកាសនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅមណ្ឌលសន្និបាត និងពិព័រណ៍ អូស៊ីអាយស៊ី (OCIC) រាជធានីភ្នំពេញ។","body":"សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់ថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានគម្រោងវិនិយោគផលិតបារីអេឡិចត្រូនិក (Vape) ឬដាំកញ្ឆានៅក្នុងប្រទេសឡើយ ទោះបីសម្រាប់នាំចេញ ឬប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រក៏ដោយ។ ការប្រកាសនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅមណ្ឌលសន្និបាត និងពិព័រណ៍ អូស៊ីអាយស៊ី (OCIC) រាជធានីភ្នំពេញ។\nសម្តេចធិបតីបានឱ្យដឹងថា សម្តេចបានណែនាំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ មិនឱ្យទទួលយកគម្រោងផលិត Vape ដោយសារការត្រួតពិនិត្យ និងគ្រប់គ្រងការនាំចូលផលិតផលនេះមានភាពស្មុគស្មាញរួចទៅហើយ។\n ចំពោះកញ្ឆា សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជំហរមិនគាំទ្រការដាំកញ្ឆានៅកម្ពុជាមានតាំងពីមុនពេលកាន់តំណែង ហើយសំណើពីក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិន ដែលស្នើឱ្យកែប្រែច្បាប់ ដើម្បីដាំកញ្ឆាសម្រាប់នាំចេញទៅប្រទេសដទៃ ក៏មិនត្រូវបានយល់ព្រមឡើយ។\nសម្តេចធិបតីបានពន្យល់ថា ការមិនអនុញ្ញាតនេះផ្អែកលើការព្រួយបារម្ភអំពីសមត្ថភាពគ្រប់គ្រង និងហានិភ័យដែលអាចបង្កឱ្យការប្រើប្រាស់កញ្ឆារីករាលដាលចូលក្នុងសង្គម។ សម្តេចបានលើកបទពិសោធន៍ប្រទេសជិតខាងដែលធ្លាប់អនុញ្ញាតការប្រើប្រាស់កញ្ឆាសម្រាប់វេជ្ជសាស្ត្រ ប៉ុន្តែការប្រើប្រាស់បានរីករាលដាលលើសពីគោលបំណងដើម រហូតត្រូវរឹតបន្តឹងច្បាប់ឡើងវិញ។ ដូច្នេះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនបើកផ្លូវឱ្យមានការផលិត Vape ឬការដាំកញ្ឆាឡើយ ដើម្បីចៀសវាងផលប៉ះពាល់ដែលអាចកើតមានចំពោះសង្គម និងប្រជាពលរដ្ឋ៕","contentScope":"full","proof":{"publishedSourceRevision":"5","publishedWorkingVersionId":"10840","languageVersionId":"2404","visibilityVersion":"9","versionToken":"a1.nPBbDzHU2_kb3gfYQqH88go7fm5OiRViO39rClxw-XY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-07T06:18:44Z"}